គ្រូបង្រៀនចំនួន២៥រូប ទទួលការបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មាន(ICT)នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

វិទ្យុជាតិកម្ពុជា៖

គ្រូបង្រៀនចំនួន២៥រូបមកពី១៨រាជធានីខេត្តបានទទួលការបណ្ដុះបណ្តាលពង្រឹងសមត្ថភាពផ្នែកICT សម្រាប់ការគ្រប់គ្រងសាលារៀនការបង្រៀនរៀននិងស្រាវជ្រាវពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩នៅសាធារណរដ្ឋកូរ៉េ

ក្រសួងអប់រំយុវជននិងកីឡាបានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអនុស្សរណៈយោគយល់រវាងក្រសួងអប់រំយុវជននិងកីឡាជាមួយមន្ទីរអប់រំទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។

លោកជំទាវសឿសុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាដែលបានដឹកនាំគ្រូចំនួន២៥រូបអញ្ជើញទៅចូលរួមក្នុងវគ្គបណ្ដុះបណ្តាលនៅទីក្រុងប៊ូសានបានអោយដឹងថាក្នុងវគ្គបណ្តុះបណ្តាលនោះសិក្ខាកាមកម្ពុជាបានទទួលនូវបទពិសោធន៍និងចំណេះដឹងថ្មីៗអំពីវឌ្ឍនភាពថ្មីទាក់ទងបច្ចេកវិទ្យាក្នុងវិស័យអប់រំនៃយុគសម័យបដិវត្តឧស្សាហកម្ម.ព្រមទាំងបទពិសោធន៍ជាច្រើនឈានដល់ការរីកចម្រើនវិស័យអប់រំនិងអាចផលិតនូវធនធានមនុស្សដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិបាន។

លោកជំទាវបន្តថាតាមរយៈទស្សនកិច្ចសិក្សានៅតាមសាលារៀនគោលដៅវាពិតជាមានសារៈសំខាន់ដែលអាចផ្ដល់ជូននូវគំនិតនវានុវត្តន៍ថ្មីដល់សិក្ខាកាមកម្ពុជាយើងអំពីការគ្រប់គ្រងសាលារៀនមួយដ៏មានប្រសិទ្ធភាពការផ្តល់នូវកត្តាអំណោយផលដល់គ្រូបង្រៀនក្នុងការបង្រៀននិងសិស្សានុសិស្សក្នុងការសិក្សាព្រមទាំងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្របតាមតម្រូវការជាក់ស្តែងនិងនិន្នាការរបស់ប្រទេសនិងសាកលលោកផងដែរ។

គូសបញ្ចាក់ផងដែរថាក្រសួងអប់រំយុវជននិងកីឡាបានបន្តចុះអនុស្សរណៈយោគយល់ជាមួយមន្ទីរអប់រំទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េនៅឆ្នាំ២០១៧ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍(ICT) ក្នុងវិស័យអប់រំដែលផ្ដោតសំខាន់ទៅលើគោលបំណងចំនួន០៣រួមមាន៖.ការលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ.ការឧបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យានិងសម្ភារៈបច្ចេកទេសចាំបាច់នានានិង.ការផ្លាស់ប្តូរវប្បធម៌និងបទពិសោធន៍រវាងគ្នាទៅវិញទៅមកដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ៕