ប្រជាពលរដ្ឋភូមិត្បូងខ្លា សាងសង់រោងជំនួសសាលារៀន ដើម្បីឲ្យកូនចៅបានរៀនសូត្រនៅជិតផ្ទះ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងបានសំរេចនាំគ្នា សាងសង់រោងជំនួសសាលារៀនដើម្បីឲ្យកូនចៅពួកគេបានរៀនសូត្រ នៅជិតមូលដ្ឋានរស់នៅធានាសុវត្ថិភាពក្នុងការធ្វើចរាចរដោយមិនបាច់ទៅរៀនឆ្ងាយ។នៅឆ្នាំនេះប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ពន្ធ័ជួយសាងសង់សាលារៀនថ្មីនៅជិតមូលដ្ឋានជំនួសវិញ។


អ្នកស្រីសេងសុខផុនគ្រូបង្រៀននៅសាលាឆ្លងកាត់ភូមិត្បូងខ្លាឃុំអូរម្រះ បានលើកឡើងថា៖ ទាំងសិស្សទាំងគ្រូសព្វថ្ងៃព្រួយបារម្ភពីសុវត្ថិភាពនៅរដូវវស្សាពេលភ្លៀងធំម្តងៗខ្លាចផ្គ រន្ទះ ណា មួយ សាលារៀនជាបណ្តោះអាសន្ននេះជាង១០ឆ្នាំហើយមិនមានជួសជុលបន្ថែមសោះ។


សម្លេង៖ពេលភ្លៀងលំបាកពេលភ្លៀងខ្លាំងនាំកូនសិស្សនៅជុំមួយដំអញ្ចឹងទៅ. ខ្ញុំចង់ សំណូម ពរបានជួយសាលារៀននេះឱ្យសិស្សរៀនគ្រប់គ្រាន់ផង។
លោកស៊ុត សុខុម ជំទប់ទី១ មេឃុំអូរម្រះបានទទួលស្គាល់ថា៖បញ្ហានេះពិតជាកើតមានមែនដោយសានៅចំណុចនេះ ឪពុកម្តាយមិនដែលមានទំលាប់ជូនកូនទៅរៀនដូចនៅទីប្រជុំជនទេ ច្រើនតែបណ្តោយកូនឲ្យទៅរៀនដោយខ្លួនឯងហើយកូនចៅខ្លះវាខ្លាចមិនបានទៅរៀនក៏មានដែរ។
លោកបញ្ជាក់ថា៖កត្តាទាំងនេះ អាចបង្កផលប៉ះពាល់ទៅលើវិស័យអប់រំដែលរាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ធ្វើសាលារៀននៅតាមឃុំហើយអាជ្ញាធរពាក់ពន្ធ័ក៏កំពុងរៀបចំដោះស្រាយ បញ្ហានេះដែរ។
លោកស្រីលាង សុខឃីម ប្រជាពលរដ្ឋនៅភូមិត្បូងខ្លាឃុំអូម្រះបានទទួលស្គាល់ថា៖ប្រជាពលរដ្ឋ
នៅតំបន់នេះមានភាពលំបាកមែន ដោយសាតែកត្តាភូមិសាស្រ្តដូចជា ផ្ទះគាត់រស់នៅតាមជួរមាត់ទន្លេឆ្ងាយពីសាលាបឋមសិក្សាអូរម្រះ។ លោកស្រីថា៖នៅតំបន់នេះឪពុកម្តាយ គ្មានមធ្យោបាយ ជូនកូនទៅរៀនទេ ម្យ៉ាងទៀតកូននៅតូចៗដើរទៅរៀនដោយខ្លួនឯង ហើយបច្ចុប្បន្នកូនសិស្សមួយចំនួនបានបោះបង់ចោលការសិក្សាទាំងវ័យក្មេងក៍មានដែរ។
សូមបញ្ជាក់ថា៖រោងសាលារៀននេះប្រជាពលរដ្ឋនៅចំណុចភូមិត្បូងខ្លានេះ បានរួមគ្នាសាងសង់ឡើងឲ្យគ្រូបង្រៀនកូនចៅមានរយៈពេលជាង១៣ឆ្នាំមកហើយ ដែលមានសិស្សចូលរៀនចំនួនប្រមាណ២៥នាក់ ក្នុងនោះមានថ្នាក់ទី១ និងថ្នាក់ទី២៕