អាជ្ញាធរ​ភ្នំពេញ​ប្រកាសផ្អាកការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ ឆ្លងកាត់ទន្លេសាប រយៈពេល១៥ថ្ងៃ​ ដើម្បីថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសស្ពាន

វិទ្យុជាតិកម្ពុជា ដោយ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញនិងការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាបស្ថិតនៅខណ្ឌប្ញស្សីកែវនិងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញរយៈពេល១៥ថ្ងៃដោយគិតពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នេះតទៅដើម្បីថែទាំនិងត្រួតលក្ខណៈបច្ចេកទេសស្ពានហើយផុតរយៈពេលនេះនិងដាក់អោយដំណើរការជាធម្មតាឡើងវិញ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ស្ថិតនៅខណ្ឌឬស្សីកែវនៅតំបន់អភិវឌ្ឍជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ០១ឆ្នាំមកហើយ។

ដើម្បីធានាបាននូវគុណភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះរដ្ឋបាលរាជធានីភ្នំពេញត្រូវថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពានដែកបេឡេនេះរួមមានគ្រឿងបង្គុំស្ពានផ្នែកខាងលើនិងផ្នែកសសរទម្រស្ពាន។

ក្នុងអំឡុងពេលនោះរដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេនេះរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩តទៅ។ផុតរយៈពេលកំណត់ខាងលើស្ពានដែកបេឡេនឹងដាក់ដំណើរការជាធម្មតាឡើងវិញ។

  អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់អធ្យាស្រ័យនិងពង្វាងការធ្វើចរាចរណ៍ដោយធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជាជប៉ុនស្ពានជ្រោយចង្វារទី១, ស្ពានមិត្តភាពកម្ពុជាចិន(ស្ពានជ្រោយចង្វារទី២) និងស្ពានព្រែកព្នៅក្នុងរយៈពេលនៃការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ៕