ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសមក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តទទួលបានការតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៤

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — នៅរសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មខេត្តព្រះសីហនុដឹកនាំដោយលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្ម ចូលជួបសម្តែងការគួរសមឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ខណៈដែលរាជរដ្ឋាភិបាលបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅគេហដ្ឋាន របស់ឯកឧត្តម នៅភូមិ៣ សង្កាត់លេខ ៣ ក្រុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មាន ប្រសាសន៍ថា កន្លងឯកឧត្តមអភិបាលខេត្ត តែងតែគាំទ្រដល់សភាពាណិជ្ជកម្មខេត្ត ក្នុងការដឹកនាំការគៀងគរវិនិយោគមានដូចជាវិស័យពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ដែលមានអ្នកវិនិយោគ គិនមកខេត្តព្រះសីហនុ មានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ ថ្លែងអំណរគុណ សភាពាណិជ្ជកម្ម បាន មកជូនពរឯកឧត្តមក្នុងឱកាសដែល ឯកឧត្តមទទួលបានការតែងតាំងពីប្រមុខរាជរដ្ឋាភិបាល ជានាយឧត្តមសេនីយ៍ផ្កាយមាសបួន ។ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បានដឹកនាំខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក ចម្រើន យ៉ាងកំហុក ជាពិសេសការវិនិយោគចាប់តាំងពីចុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៨ មាន សំណង់អាគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានកំពុងមានការ កើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគរបស់ចិន ដែលបានមកធ្វើការ វិនិយោគនៅខេត្តព្រះសីហនុ ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។  ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋខេត្តព្រះសីហនុនៅត្រឹមតែ ៤.៥ភាគរយ។ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បរិស្ថាន ក៏ប៉ុន្តែបញ្ហាប្រឈម ទាំងអស់នេះនឹងអាចដោះស្រាយបាននៅពេលខាងមុខ។

ឯកឧត្តមបានបញ្ជាក់ថា មហិច្ឆតារបស់លោក និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ព្រះសីហនុដោយចាក់បេតុង ដើម្បីទុកជាការប្រើប្រាស់បានយូរអង្វែងនៅពេលខាងមុខ៕

ដោយ ងូ សុមុនី