ខេត្តកំពង់ធំប្រារព្ធមិទ្ទីងរម្លឹកខួបលើកទី៦៨  ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

AKP កំពង់ធំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ –នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំមិទ្ទីងរម្លឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃ២៨មិថុនាឆ្នាំ១៩៥១-ថ្ងៃ២៨មិថុនាឆ្នាំ២០១៩) ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង៤៣០០នាក់។

ឯកឧត្តម សុខ លូ បានអានសុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១-២៨.០៦.២០១៩) ដោយបានបញ្ជាក់ថា ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ ជាទិវាគម្រប់ខួបលើកទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ គណបក្សមាន ប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅ លើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជារហូតធ្វើឱ្យ ប្រទេសជាតិនិងប្រជាជនទទួលបានសន្តិភាពនិងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។

រយៈពេល៦៨ឆ្នាំកន្លងមកនេះ ទោះបីត្រូវប្រឈមនឹងការវិវឌ្ឍន៏ដ៏ស្មុគ ស្មាញបំផុតនៃសភាពការណ៍ជាតិនិងសភាពការណ៍អន្តរជាតិយ៉ាងណាក្ដីក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំង ប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នហាជាតិ មាតិភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិនិងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតនិងវឌ្ឍនភាពសង្គម។

ក្នុងឱកាសនោះឯកឧត្តមសុខ លូបញ្ជាក់ថាបើយើងបន្តថែរក្សាបាននូវ សុខសន្តិភាពដូចសព្វថ្ងៃនេះនោះសេដ្ឋ កិច្ចជាតិយើងនិងបន្តកើនឡើងក្នុងកម្រិតរង្វង់ ៧ភាគរយក្នុង១ឆ្នាំ។ នៅឆ្នាំ២០៣០ជាប្រទេសជាតិយើងនិងក្លាយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ហើយនៅឆ្នាំ២០៥០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

ដោយ ស៊ុម វណ្ណា