សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា-ចិន បើកវេទិកាពិភាក្សាបញ្ហាជម្លោះ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក្នុងបរិបទកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបើកវេទិកាពិភាក្សាបញ្ហាជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋ​អាមេរិក និងចិន ក្នុងបរិបទកម្ពុជា ដើម្បីប្រមូលរាល់ព័ត៌មានគន្លឹះសំខាន់ៗ ដែលលើក​ឡើងដោយអ្នកជំនាញមកពីស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ការផ្សព្វផ្សាយ​ ដល់ ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឈ្វេងយល់ជាចំណេះដឹង។​ វេទិកានេះ ធ្វើឡើង​កាលពីព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើង​ថា គោលបំណង នៃការរៀបចំវេទិកានេះ ដើម្បីជាប្រយោជន៍សម្រាប់ឱ្យប្រព័ន្ធសារព័ត៌​មាន និស្សិត ឈ្វេងយល់ជាចំណេះដឹងពាក់ព័ន្ធក្នុងជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ជាពិសេសកុំឱ្យមានការព្រួយបារម្មណ៍វាមិនមានការប៉ះពាល់អ្វីដល់សេដ្ឋកិច្ចកម្ពុជានោះទេ។

ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រឿង​ជម្លោះ​ពាណិជ្ជកម្មរវាងអាម៉េរិក និងចិន វាជារឿងមួយអាស្រ័យលើការដោះ​ស្រាយ​សម្ប​ទាន​ឱ្យគ្នា​ទៅវិញទៅមក។ ចំពោះបញ្ហានេះឯកឧត្ដមគូសបញ្ជាក់ថា កម្ពុជានឹងមិនមានផលប៉ះពាល់​អ្វីនោះទេ ព្រោះកម្ពុជាប្រកាន់យកគោលការណ៍សហវិជ្ជមាន និងគោលនយោបាយកិច្ច​សហប្រតិបត្តិការអន្តរជាតិ។  ដោយឡែកក្នុងបរិបទកម្ពុជាវិញ បើពិនិត្យលើទំនាក់ទំនង​កម្ពុជា-ចិនបច្ចុប្បន្ន​បានក្លាយទៅជាទំនាក់ទំនង​យុទ្ធសា​ស្ត្រគ្រប់​ជ្រុង​ជ្រោយ និងមានលក្ខណៈ​ស៊ីជម្រៅ ​ ហើយការរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់ពីការជួយ​គាំទ្រ​ពីមិត្តចិនបានទេ។ ជាក់ស្តែងគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ចិនបាននាំមកនូវ​ផលប្រយោជន៍សម្រាប់ជាកម្ពុជាជាច្រើន។​  ទន្ទឹមនេះ ដូចប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូល​របស់ចិន​តែងលើកហើយថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ទោះជាកាលៈទេសៈ​ណាក៏ដោយចិននៅតែគាំទ្រកម្ពុជាយ៉ាងរឹងមាំជានិច្ច។

ឯកឧត្ដម ប៉ែន សុវិ​ជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងដែរថា រាជ​រដ្ឋាភិបាលកម្ពុជាមិនមានការព្រួយបារម្ភលើបញ្ហានេះទេ ហើយរំពឹងថាអ្នកវិនិយោគអន្តរជាតិ​នឹងបន្តមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនជាពិសេសវិនិយោគទុនចិន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភា​កម្ពុជាបានឡើងពាក់ព័ន្ធទៅនឹងបញ្ហានេះថា អាចជិះឥទ្ធិពលមិនល្អខ្លះៗមកលើកម្ពុជា ប៉ុន្តែ​មិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ។  លោកបណ្ឌិតបានបន្ថែមថា កម្ពុជាត្រូវត្រៀមលក្ខណៈ​ពង្រឹងខ្លួនឯងជំរុញការបណ្តុះបណ្តាលវិជ្ជាវៈដល់យុវជនជំនាន់ក្រោយៗឱ្យមានជំនាញបច្ចេកទេស និងបង្កើននាំចេញផលិត​ផលទៅក្រៅប្រទេស និងស្វែងរកទីផ្សាថ្មីៗបន្ថែមទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា  បញ្ហាសេដ្ឋកិច្ច​រវាងអាម៉េរិក និងចិន ជារឿងរបស់មហាអំណាចទាំងពីរ  ប៉ុន្តែកម្ពុជាក៏អាចរីកចម្រើន តាមបែប​កម្ពុជាដោយផ្អែកលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

តែទោះបីយ៉ាងនេះក្ដីលោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន​បណ្តុះ​បណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានលើកទឹកចិត្តឱ្យពិភព​លោករួម​គ្នាដោះស្រាយបញ្ហាឈម ដែលកើតមានឡើងដោយសន្តិវិធី និងឈរលើគោលការណ៍​ច្បាប់អន្តរជាតិ ហើយត្រូវចាត់ទុកថា ពិភពលោកទាំងអស់ជារបស់រួមត្រូវរួមគ្នាថែរក្សានូវ​សន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ លោក ហើស សិរិធន ទីប្រឹក្សាអមក្រសួងការបរទេស និងកិច្ចសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងដែរថា នៅខាងក្រោយ​វាំង​នន​ពាណិជ្ជកម្មរបស់អាម៉េរិក និងចិនសព្វថ្ងៃនេះ គឺការងើបឡើងរបស់ចិន នៅក្នុង​គោល​នយោ​បាយ​ផ្លូវសូត្រសមុទ្រ គ្មាននរណាប្រកួតប្រជែងបានទេ ហើយបំណងរបស់អាម៉េរិកគ្មាន​អីក្រៅ​ពីបំបែកចិនឱ្យទៅ៦ប្រទេស ដើម្បីឱ្យចិនចុះខ្សោយ។ ដូច្នេះ​សង្គ្រាម​ពាណិជ្ជកម្ម​របស់អាម៉េរិកវាគ្រាន់តែជារបាំងប៉ុណ្ណោះ៕

ដោយ ប៉ាល់ សុង