ឯកឧត្ដម ធុន គ្រី នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅឃុំស្វាយជ្រះ ស្រុកស្នួល

AKP ក្រចេះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយទៅផ្តល់ជូនដល់គ្រួសាររងគ្រោះ រលំផ្ទះដោយ ខ្យល់កន្រ្តាក់ចំនួន៥គ្រួសារ នៅឃុំស្វាយជ្រះ ស្រុកស្នួល កាលពីព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះដែលបានផ្តល់ជូនគ្រួសាររង គ្រោះនាពេលនោះ គឺក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១យូ តង់១ ខោអាវមួយចំនួន និងថវិកាចំនួន ៥ម៉ឺនរៀល។

ឯកឧត្ដម ធុន គ្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានមានប្រសាសន៍ថា ការបង្កើតកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺពិតជាមានសារៈ សំខាន់ ណាស់ក្នុងវិស័យមនុស្សធម៌ សម្រាប់ឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់គ្រប់ គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្យេងៗ ដូចជាជួយដល់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមាន អាសន្ន ដោយផល វិបាកនៃគ្រោះមហន្តរាយ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរា ជនគ្មានទីពឹងពាក់ជាដើម។

ឯកឧត្ដមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕

ដោយ ជួន សុជាតិ