ប្រកាសបើកជាផ្លូវការ សម្រាប់ការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅអាងហែល ទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបើក​ឱ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមានកីឡាករ កីឡាការិនី មក ពី៩ប្រទេស និងម្ចាស់ផ្ទះកម្ពុជា សរុបចំនួន១០ប្រទេស។

ថ្លែងក្នុងឱកាសបើក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្តែងការស្វាគមន៍​យ៉ាង​កក់ក្តៅបំផុតចំពោះប្រតិភូ កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី​អាគ្នេយ៍ ដែលបានចូលរួមប្រកួតប្រជែងមេដាយ នៅកម្ពុជា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញនូវគោល បំណងរបស់ខ្លួន ក្នុងការទទួលធ្វើម្ចាស់ផ្ទះនេះ រួមមាន៖ ១-ជាការរៀបចំការប្រកួតកីឡាហែល​ទឹកលក្ខណៈអន្តរជាតិ លើកដំបូងរបស់សហព័ន្ធក្រោយពីខកខានការៀបចំតាំងពីឆ្នាំ១៩៦៧ ជាម្ចាស់ផ្ទះកីឡា Games Garnefo អាស៊ីលើកទី១។ ២-ចង់ឱ្យបណ្តាប្រទេសនៅក្នុង​អាស៊ី​អាគ្នេយ៍​មើលឃើញពីការរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការីកចម្រើននៅ​លើវិស័យកីឡា។ ៣-សហព័ន្ធទទួលរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិលើកដំបូង ដោយ សារសហព័ន្ធចង់ដឹង និងឈ្វេងយល់ពីចំនុចខ្វះខាតនូវផ្នែកណាខ្លះ រួចចាប់ផ្តើមកែសម្រួលនូវ ចំនុចខ្វះខាតទាំងអស់នេះ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅ​ព្រះរាជា​ណាចក្រកម្ពុជា ឆ្នាំ២០១៩នេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួម ចំនួន៤០៨នាក់ ក្នុងនោះមានកីឡាករ សរុបចំនួន១៦៨នាក់ និងកីឡាការិនី សរុបចំនួន ១៤៩នាក់។ ដំណើរការនេះទទួលបានការឧបត្ថម្ភផ្ទាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន, សហការពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី, ក្រសួងអប់រំ យុវជន និងកីឡា, គណៈ កម្មាធិការជាតិអូឡាំពិក​កម្ពុជា  និងស្ថាប័នជាច្រើនទៀត៕

ដោយ ហេង ណាលីន