កិច្ចចរចាបន្តស្តីពីកិច្ចព្រមព្រៀង RCEP ធ្វើឡើងនៅប្រទេសអូស្រ្តាលី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៧ ខែមិថុនា តំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានជួបជុំគ្នានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលកិច្ចចរចា លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលីបាននិយាយថា ប្រទេសទាំង ១៦ ដែលចូលរួមក្នុងកិច្ចព្រមព្រៀង RCEP នឹងមានកិច្ចពិភាក្សាសម្ងាត់ស្តីពីខ្លឹមសាររបស់កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមានសារៈសំខាន់ខាងសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងពិភពលោក។

លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការបង្កើនបទបញ្ញត្តពាណិជ្ជកម្មសកលលោកបានបង្កើតនូវអព្ភូតហេតុសេដ្ឋកិច្ចសម្រាប់ប្រទេសអូស្ត្រាលី។

លោកបានបញ្ជាក់ថា បើទោះបីជាប្រទេសអូស្រ្តាលីមិនអាចជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ ក៏ប្រទេសនេះនឹងស្វែងរកឱកាសពាណិជ្ជកម្មថ្មីតាមរយៈការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគី។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រទេសអូស្រ្តាលីសង្ឃឹមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលី និងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ នឹងធ្វើឱ្យកិច្ចចរចាស្តីពី កិច្ចព្រមព្រៀង RCEP អាចត្រូវបានបញ្ចប់នៅក្នុងឆ្នាំនេះ។

នៅមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Enggartiasto Lukita បានបង្ហាញនូវការ       គាំទ្រចំពោះគំនិតដែលថា កិច្ចចរចាកិច្ចព្រមព្រៀង RCEP គួរតែបញ្ចប់មុនពេលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រីករាលដាលជាងនេះ នឹងបង្កឱ្យមានការខូចខាតសេដ្ឋកិច្ចក្នុងរយៈពេល      វែង។

កិច្ចព្រមព្រៀង RCEP ត្រូវបានគេចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោក ដែលរួមមានប្រទេសចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ និងបណ្តាប្រទេសអាស៊ានចំនួន ១០ ចូលរួម ដែលមានប្រជាជនស្មើនឹង ៤៥ភាគរយនៃប្រជាជនសរុបក្នុងពិភព       លោក។

ផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នានៃសមាជិក RCEP មានរហូតដល់ ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងស្មើនឹង ៣០ភាគរយនៃតម្លៃពាណិជ្ជកម្មពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)