មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថាដំណាំចេកអំបូងកំពុងមានសក្កាលនុពលខ្ពស់ដោយបានរួមចំណែកបង្កើតការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា ២៨.០៦.១៩


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងថា ដំណាំចេកអំបូងលឿងកំពុងមានសក្កាលនុពលខ្ពស់ ដោយបានរួមចំណែកបង្កើតការងារ និង បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងរួម ចំណែក ជួយជំរុញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មកម្ពុជា ។


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញនិងសិក្សាទៅលើបច្ចេកទេសដាំបន្ថែមទៀត ដើម្បីជួយដល់សហគមន៍ ពិសេសប្រជាកសិករដាំអោយបានច្រើន ដោយសារតែដំណាំប្រភេទនេះកំពុងមាន តំលៃខ្ពស់នៅលើទីផ្សារ និងងាយស្រូលក្នុងការដាំដុះ ដោយចំណាយដើមទុនតិច និងទទួលផលបានខ្ពស់ ។
លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បញ្ជាក់ថា ប្រជាកសិករដែលដាំដំណាំចេកនេះ ក្នុងរយៈពេលពីរឆ្នាំ អាចទទួលបានផល៣រដូវ ដោយ ប្រមូលបានទិន្នផល៧០តោន ក្នុងមួយហិកតា ។ លោកឲ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុន ចំនួន៥បាន ធ្វើការនាំចេញចេកអំបូងលឿងទៅលក់នៅក្រៅប្រទេស ដោយក្នុងមួយក្រុមហ៊ុនៗ មាន កសិករ ពី៣០០ ទៅ ៤០០នាក់ ដែលនេះជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ ការ ផ្តល់ការងារ កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយកាត់បន្ថយ ការ ចំណាក ស្រុកផងដែរ ។ សំឡេង៖រយៈពេលពីរឆ្នាំគេអាចប្រមូលផលបានបីរដូវ គឺវាចំណេញ ហើយ ទីផ្សារ គឺខាង ក្រុមហ៊ុនចិនគេមកយក គេមានជំនាញការនិងអ្នកបច្ចេកទេសមកត្រួតពិនិត្យ យកទាំងអស់ ។ដូច្នេះ បញ្ហា នៅក្នុងផលិតកម្មនេះគឺមិនមានទេ ការដាំ និងគុណភាពគឺបានគ្រប់ចំនួននៃការគ្រោងទុករបស់គេ ដែល នេះ ជាចំណុចសំខាន់ ក្រៅពីបង្កើនប្រាក់ចំណូល យើងបានជួយដល់ កំលាំង ពលកម្ម នៅ ទីនោះ បានច្រើន ដែលធ្វើការនៅក្នុងកសិកម្មចេកមួយ តាំងពីការដាំដុះរហូតដល់ការវិចខ្ជប់ រហូតដល់ការនាំចេញ គឺចំណេញ ក្នុងការបង្កើនការងារមូលដ្ឋាន។
លោក ស្រ៊ុន សុខុម បន្ថែមថា រាជរដ្ឋាភិបាលបានខិតខំជំរុញ និងលើកស្ទួយវិស័យកសិកម្ម តាម រយៈប្រែក្លាយវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម រវាងវិស័យ ឯកជន និងកសិពាណិជ្ជកររួមជាមួយ ការជំរុញធ្វើទំនើបកម្ម កសិកម្ម ដើម្បីបង្កើនការទុកចិត្តពីអ្នកបញ្ជាទិញ និង បង្កើនប្រាក់ចំណូលដល់ក្រុម ហ៊ុននិងកសិករ ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥ កំពុងវិនិយោគលើដំណាំចេកអំបូងលឿង នៅក្នុងខេត្តចំនួនបីមានដូចជាខេត្ត កំពង់ចាម កំពង់ធំ ព្រះវិហារ និងខេត្តព្រះសីហនុ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សាក្រៅប្រទេស ៕