សម្តេចតេជោ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាពុះពារអនុវត្តនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលបានប្រកាសកន្លងមក ឲ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដើម្បីតបស្នងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសជាបន្តបន្ទាប់ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្តេចសូមសន្យា ប្តេជ្ញាពុះពារអនុវត្តនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឲ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ។ការប្តេជ្ញារបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៨ ខែមិថុនានេះ។ សម្តេចតេជោ បញ្ជាក់ថា ការគាំទ្ររបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។ក្នុងស្មារតីនេះ គណបក្សប្រកាន់ជំហដ៏ម៉ឺងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលយើងប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិនិងប្រជាជនឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក្តី។