រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន សុំគោលការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៨.មិថុនា.២០១៩

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានផ្ញើសារលិខិតមូយច្បាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីដាក់ចេញនូវវិធានការចាំបាច់មួយចំនួនចំពោះការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងទៀត ដែលគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងសំណង់លំនៅស្ថានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។
ក្នុងលិខិតរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនកាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩នេះគឺផ្ដោតទៅលើវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ដើម្បីធានាអាយុជីវិតមនុស្សទ្រព្យសម្បត្តិសុវត្ថិភាពនិងគុណភាពសំណង់ទូទាំងប្រទេស។
ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា លិខិតដែលផ្ញើ ជូនសម្តេច តេជោ ហ៊ុន សែននេះគឺ ស្នើសុំក្រសួងចំនួន៥ដើម្បីចូលរួម ទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ដើម្បីធានាអាយុជីវិតមនុស្សទ្រព្យសម្បត្តិសុវត្ថិភាពនិងគុណភាពសំណង់ទូទាំងប្រទេស។
ការចួលរួមរបស់ក្រសួងចំនួន៥នោះរួមមាន១.ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់ ២. ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់ ៣. ក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់ លូចូលបណ្ដាញលូសាធារណៈ ៤. ក្រសួង ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្ដល់លិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្ម និទី ៥. ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ចមិនត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម ៕