ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៧.១%នៅ ឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបាន រំពឹងថា នឹងមានកំណើនក្នុងអត្រា៧.១% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្មនៅបន្តមានកំណើនទាបក្តី។ ថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះ ពេជ្រ នៅថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោ បន្តថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ ។ ជាក់ស្តែង រយៈពេល ៤ខែ ដើមឆ្នាំនេះ គម្រោងវិនិយោគ ១១៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារ ត្រូវបានអនុម័ត ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មាន ៨១គម្រោង និងទុនវិនិយោគប្រមាណ ៨៦៣លានដុល្លារអាមេរិក។ជាមួយគ្នានេះ សម្តេចតេជោ បន្ថែមថា ការនាំចេញផលិតផលកាត់ដេរនៅតែមានកំណើនខ្ពស់, ការនាំចេញអង្ករ សម្រេចបានជាង ២១ម៉ឺនតោន ធៀបនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៨ កើនឡើង ៨,៣%, វិស័យសំណង់ និងអចលនទ្រព្យក៏នៅតែបន្តកំណើនខ្ពស់ ជាមួយគ្នានេះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង ២,៤លាននាក់ កើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ។សម្តេចតេជោ បញ្ជាក់ថា ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបណ្តាវិធានការកែទម្រង់ដ៏មុតស្រួច ស្របតាម បាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។