រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា​​ឆ្នាំ២០១៩ -ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តន៍បន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។

បន្ទាប់ពីស្តាប់របាយការណ៍របស់មន្ទីរ អង្គភាពនានារួចមក ឯកឧត្តម យន្ត មីន បានធ្វើការវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណចំពោះមន្ត្រីមន្ទីរ អង្គភាពទាំងអស់ដែលបានខិត ខំធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងយកច្បាប់ជាគោល ។

ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណចំពោះមន្ត្រីមន្ទីរ អង្គភាពពាក់ពន្ធ័នានា ដែលខិតខំបំពេញការងារ ក្នុងការងារជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុ នៃការដួលរលំបាក់អគារកម្ពស់  ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានសាងសង់បានប្រមាណជា ៦០ភាគរយ បាក់រលំ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ២៦នាក់រងរបួស និង ២៨ នាក់ផ្សេងទៀតបានស្លាប់ ។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានគាំទ្រក្នុងការដឹកនាំរបស់ឯកឧត្តមរយៈពេលជិត ៤ឆ្នាំកន្លងមកនេះ បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន មានសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានយ៉ាងច្រើន ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរដូចសព្វថ្ងៃនេះ ព្រមទាំងបានផ្តាំផ្ញើមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ភាពជឿជាក់ និងយកច្បាប់ជាគោល។

ចំពោះឧបទ្ទវហេតុរលំបាក់អគារពេលកន្លងមកនេះ ឯកឧត្តមបានសម្ដែងនូវការសោកស្តាយបំផុតចំពោះសោកនាដកម្ម នៃការបាក់រលំអគារ ៧ជាន់ ហើយក៏អាចនាំឱ្យមានផលប៉ះពាល់ខ្លះចំពោះដំណើរការវិនិយោគនៅខេត្តព្រះសីហនុ ព្រោះអ្នកវិនិយោគ និងភ្ញៀវទេសចរ អាចមានការព្រួយបារម្ភក្នុងរយៈពេលខ្លី ក៏ប៉ុន្តែឯកឧត្តមសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងវិញនៅពេលខាងមុខ ហើយខេត្តព្រះសីហនុ នឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀតជាក់ជាមិនខាន ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា ចំណុចសំខាន់ៗមួយចំនួនដែលយើងត្រូវរួមគ្នាដោះស្រាយរួមមាន៖ ១. បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ។ ២.បរិស្ថាន (ការគ្រប់គ្រងសំណល់រឹង រាវ) ។ ៣.ពិនិត្យភាពស្របច្បាប់របស់ជនបរទេសស្នាក់នៅរកស៊ីនៅក្រុងព្រះ សីហនុ ។ ៤.ការគ្រប់គ្រងការដ្ឋានសំណង់ ធ្វើឱ្យម៉ឺងម៉ាត់ស្របតាមច្បាប់ បទដ្ឋានបច្ចេក ទេស ។ ៥.បញ្ហាភាពអនាធិបតេយ្យដីធ្លី ត្រូវតែទប់ស្កាត់ដោះស្រាយឱ្យមានតម្លាភាព ។ ៦.ស្នើឱ្យរដ្ឋបាលក្រុងរៀបចំ street food (កន្លែងលក់អាហារតាមចិញ្ចើមផ្លូវឱ្យពលរដ្ឋលក់ដូរពេលយប់) ។ ៧.ការងារគ្រប់គ្រងអូរ ប្រឡាយ ទប់ស្កាត់ការរំលោភយកចំណីអូរជាកម្មសិទ្ធិឯកជន ។  ៨.បន្តពិនិត្យការងារធ្វើអាងប្រព្រឹត្តិកម្មតាមទីតាំងសំណង់ទាំងអស់ក្នុងក្រុង ។ ៩.ពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន មានគុណភាព តម្លាភាព និងគណនីយភាពដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត ។ ១០.យកចិត្តទុកដាក់ការងារដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ។ ១១.ពង្រឹងឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវតាមផ្លូវច្បាស់ ។ ១២.ការអនុវត្តការងារ ត្រូវយកច្បាប់ជាគោល ៕

ដោយ ងូ សុមុនី