កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៦ (6th JCC Meeting) ស្តីពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩​ ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បា​នឱ្យ​ដឹងថា​ កាលពី​ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៦ (6th JCC Meeting) ស្តីពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅសណ្ឋាគារភ្នំពេញ។ កិច្ចប្រជុំនេះ​មាន​ការចូលរួម​ពី​លោក Sugano Yuuichi ប្រធានតំណាងការិយាល័យទីភ្នាក់ងារ JICA នៅកម្ពុជា ថ្នាក់ដឹកនាំរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជប៉ុន ទីប្រឹក្សាគម្រោង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអង្គភាពពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាយកដ្ឋានអត្តសញ្ញាណសញ្ជាតិខ្មែរ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃផង ដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងធ្វើទំនើបកម្មប្រព័ន្ធ នៃការចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ MVRI ដំណាក់កាលទីមួយ ក្រោមកិច្ចសហប្រតិ បត្តិការជំនួយបច្ចេកទេសរបស់ JICA ដែលបានអនវុត្តន៍ចាប់តាំងពីឆ្នាំពី២០១៦ មកទល់បច្ចុប្បន្ននេះ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងការធ្វើដំណើរតាមដងផ្លូវ ដែលជាកត្តាប្រឈមសំខាន់នៅកម្ពុជាសព្វថ្ងៃនេះ ព្រមទាំងការធានាឱ្យបាននូវការការពារបរិស្ថាន ខណៈដែលចំនួនរថយន្តមានការកើនឡើងបង្កជាការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ បញ្ហាទាំងនេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការយកចិត្តទុកដាក់ ដើម្បីដោះស្រាយហើយ ក្នុងនោះគម្រោងខាងលើរបស់ទីភ្នាក់ងារ JICA កំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមចំណែកអនុវត្តន៍គម្រោងនេះទទួលបានលទ្ធផលជាទីគាប់ប្រសើរស្ទើរប្រហាក់ប្រហែលនឹងផែនការដែលបានកំណត់នៅដើមគ្រានៃគម្រោង សម្រាប់ការចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ឯកឧត្តមបានមាន​ប្រសាសន៍​ថា បើទោះបីទទួលបានលទ្ធផលជាទីគាប់ប្រសើរយ៉ាងនេះក្តី ក៏នៅមានចំណុចខ្វះខាត ដែលជាតម្រូវការចំពោះមុខត្រូវដោះស្រាយជាច្រើនផ្សេងទៀតផងដែរ និង​បានស្នើទៅក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនជប៉ុន តាមរយៈទីភ្នាក់ងារ JICA បន្តចូលរួមឱ្យ​កាន់តែសកម្មបន្ថែមទៀត បន្តគាំទ្រគម្រោងបន្ទាប់ចំនួនពីរគឺ៖ គម្រោងពង្រឹងប្រព័ន្ធគ្រប់គ្រងយានយន្ត ដើម្បីសុវត្ថិភាពចរាចរណ៍ និងការការពារបរិស្ថាន (IVRE) និងគម្រោងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីទ្រទ្រង់ការគ្រប់ គ្រងយានយន្តនៅកម្ពុជា (MITA)៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន