ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣”

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ  ចីរភាព បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣” ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣» មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា «យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣ (យ.ផ.ប.ជ.)» ត្រូវបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួង ស្ថាប័នចំនួន១៦ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៩ និងច្បាប់ស្តីពីការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ហើយឯកសារនេះត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថាន ជាតិ គឺ ផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និង វិស័យឯកជន ដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីវិនិយោគ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ខ្លួន សំដៅធានាការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់យើងប្រកបដោយចីរភាពនៅកម្ពុជា។ យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ មិនមែន ជាឯកសាររបស់ក្រសួងបរិស្ថាន ឬ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពម្នាក់ឯងនោះទេ តែជាឯកសារជាតិ និងអ្នកពាក់ព័ន្ធទាំងអស់គ្នា ពីព្រោះបញ្ហាបរិស្ថានគឺជាបញ្ហាដែលមាន  ចរឹតជាអន្តរវិស័យ ៕

ដោយ ពេជ្រ ណារិទ្ធ