ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំលើកដំបូងសម្រាប់អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១របស់ខ្លួន សម្រាប់អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំង២៥រូប ក្រោមវត្តមាន ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិ   បាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធានមន្ទីរ​អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឈុន ឈន់ បានលើកឡើងថា យោងមាត្រា៧០នៃច្បាប់ស្តីពីការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ បានតម្រូវ​ឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃបន្ទាប់ពីកប្រកាសចូលកាន់តំណែង។ យោងតាម​ប្រកាសរបស់ក្រសួងមហា ផ្ទៃ​លេខ ៤​១​០​៦​ ប្រក ចុះ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០១៩ បានកំណត់ថា ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សា​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហា៖ ទី១-ការផ្សព្វ ផ្សាយអំពីសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទ​ប​ញ្ជា​​ ផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ទី២- ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស​​ម្រាប់​រ​​យៈ​​ពេ​ល​ដប់ពី​រ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។ ទី៣- បញ្ហាផ្សេងៗ។ ឯកឧត្តមបានបន្តថា ដោយសារមិនទាន់មានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសម្រាប់អាណត្តិទី៣ ហេតុនេះក្រុមប្រឹក្សាមិនត្រូវអនុម័តបទ​បញ្ហាណាមួយ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។

ឯកឧត្តម សុខ លូ បានលើកឡើងថា ការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើន ជឿនលឿនជារៀងរាល់ឆ្នាំ ស្របតាមការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។ ប្រាំឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងអនុវត្តន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបានយ៉ាងមានប្រសិទ្ធភាព និងពិតជាបានចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានាប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងគ្រប់គ្រងធនធានគ្រប់ប្រភេទបានយ៉ាងល្អប្រសើរ ព្រមទាំងបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ដែលធានារាល់ប្រតិបត្តិការ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការមកទទួលសេវាសាធារណៈ ជាក់ស្ដែងអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត ត្រូវបានដាក់ឱ្យដំណើរការ បម្រើសេវាជូនប្រជាពលរដ្ឋ និងយន្តការច្រកចេញ-ចូលតែមួយតាមបណ្តាស្រុកមួយចំនួនកំពុងតែរៀបចំដំណើរការ លើកលែងតែក្រុងស្ទឹងសែនដែលបានដំណើរការមុនគេ និងស្រុកស្ទោងទើបដាក់ឱ្យដំណើរការនាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តកំពង់ធំ ដោយមានកិច្ចសហការយ៉ាងល្អពីមន្ទីរជំនាញ ស្រុក ក្រុង និង ស្ថាប័ននានាជុំវិញខេត្ត បានចូលរួមចំណែកការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យសភាពការណ៍ទូទៅរបស់ខេត្តមានស្ថិរភាព សុវត្ថិភាព ។ បានកសាងសេដ្ឋកិច្ចជនបទ ព្រមទាំងបានពង្រឹងភាពជាដៃគូ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបង្ហាញពីការចូលរួមចំណែកដ៏ធំធេង ក្នុងការសម្រេចផែន ការអភិវឌ្ឍប្រាំឆ្នាំរបស់ខេត្ត និងគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងន័យរួមចំណែកអនុវត្តន៍ឱ្យបានជោគជ័យនូវទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

ដោយ ស៊ុម​  វណ្ណា