សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណក់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់លអាវុធជាច្រើនរូបទៀត ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមកធ្វើឱ្យខេត្តព្រះវិហារមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតទទួលបានការគាំទ្រពីសាធារណជន ។

សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើដល់ឯកឧត្តម អភិបាលខេត្តព្រះវិហារថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការផ្ទៃក្នុងមានទំនាក់ទំនងល្អជាមួយគ្នាធ្វើជាអ្នកដឹកនាំល្អមួយរូបឱ្យបងប្អូនគោរពស្រឡាញ់ ។ លើសពីនេះត្រូវចេះដោះស្រាយរាល់គ្រប់បញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗជូនថ្នាក់ដឹកនាំ និង រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានរាជ  រដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ៕

ដោយ ទិត ស្រ៊