ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ត្រូវបានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ — ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ ត្រូវបានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ មានការចូលរួមពីសំណាក់បណ្តាក្រសួង ស្ថាប័នជាតិ ស្ថាតទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ ក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងសុន្ទកថាបើក ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងពីការអភិវឌ្ឍបៃតង ដែលជាគំរូអភិវឌ្ឍន៍ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាព

បរិស្ថាន និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការអភិវឌ្ឍបៃតងរបស់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។ តួយ៉ាងដូចជាកាប្រើប្រាស់ធនធានឱ្យកាន់តែមានចីរភាពជាងមុន ប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងការវាយតម្លៃសេវាកម្មអេកូឡូស៊ី។ សំខាន់ទៀតនោះ ឯកឧត្តមបានចង្អុលបង្ហាញថា ទីក្រុងគឺជាទីកន្លែងប្រមូលផ្តុំនៃសកម្មភាពសេដ្ឋកិច្ច ជំរុញការបង្កើតការងារ និងកំណើនផលិតផលក្នុងស្រុកសរុប។ ប៉ុន្តែទីក្រុងក៏ជាកន្លែងដែលមានធនធាន ដូចជា ទឹក ថាមពល និងធនធានផ្សេងៗទៀតត្រូវបានប្រើប្រាស់ដោយឧស្សាហកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជំរុញអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍទីក្រុងនិរន្តរភាព នៅក្នុងអាទិភាពគោលនយោ បាយរបស់ខ្លួន សម្រាប់ឱកាសពន្លឿនកំណើនសក្តានុពលបន្ថែមទៀត តាមរយៈការអភិវឌ្ឍទីក្រុងបៃតង និងជំរុញឱ្យមានឱកាសផ្សេងៗពីវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យអច លនទ្រព្យ និងសំណង់។ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយ ដើម្បីធ្វើជាគំរូដល់ទីក្រុងសក្តានុពលផ្សេងៗទៀតជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអរគុណដល់អ្នកដែលបានចូលរួម និងជួយជ្រោមជ្រែងបង្កើតសៀវភៅផែនការនេះ និងអរគុណដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចំពោះការ សហការនិងជ្រោមជ្រែងយ៉ាងពេញទំហឹងពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ក្នុងការយកចិត្តទុកដាក់លើកម្មវិធីអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា។

ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៅលើការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ។ ខណៈដែលសេដ្ឋកិច្ចរាជធានីភ្នំពេញមានការរីកចម្រើនខ្លាំង ហើយមានប្រជាជនចូលមករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតកាន់តែច្រើន វាពិតជាមានសារៈសំខាន់ដែលរាជធានីភ្នំពេញត្រូវតែមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរង បានចង្អុលបង្ហាញពីផលវិបាកទាំងវិជ្ជមាន និងអវិជ្ជមាននៃការរីកលូតលាស់យ៉ាងឆាប់រហ័យនៃ​វិស័យ នគរូបនីយកម្ម ដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមមាន៖ ការកកស្ទះចរាចរណ៍ ទឹកកខ្វក់ និងការកើនឡើងនៃបរិមាណសំរាមក្នុងរាជធានីជាដើម។ ឯកឧត្តមបានពន្យល់អំពីផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ដែលបានបង្កើតឡើងដោយមានការពិគ្រោះយោបល់ សិក្សាស្រាវជ្រាវ និងវិភាគជាច្រើន ហើយឯកឧត្តមបានសម្តែងនូវទំនុកចិត្តថា ផែនការនេះនឹងក្លាយជាគោលការណ៍ណែនាំដ៏មានប្រយោជន៍មួយ ដើម្បីការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព។

លោកស្រី Karolien Casaer អ្នកតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំប្រទេសកម្ពុជា បានបង្ហាញអំពីបញ្ហាប្រឈមខ្លះៗទៅលើការអភិវឌ្ឍទីក្រុងបៃតងជុំវិញពិភពលោក ហើយក៏បានបង្ហាញពីដំណោះស្រាយដែល GGGI បានណែនាំទៅដល់   បណ្តារដ្ឋជាសមាជិកទាក់ទងទៅនឹងវិស័យជាច្រើនមានដូចជា សំណង់អគារបៃតង ការដឹកជញ្ជូនដោយប្រើថាមពលស្អាត ​និងការថែរក្សាអនាម័យ (ទឹកកខ្វក់) ជាដើម។ លោកស្រីក៏បានគូសបញ្ជាក់ពីគម្រោងខ្លះៗនៅក្នុងខេត្តសៀមរាប កែប និងខេត្តបាត់ដំបង ដែល GGGI បាននិងកំពុងធ្វើការជាមួយរដ្ឋបាលក្រុងទាំងនោះ និងសហគមន៍ធុរកិច្ចក្នុងស្រុក ស្តីពីដំណោះស្រាយលើការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ។

លោកស្រី Casaer បានសង្កត់ធ្ងន់ទៅលើកាលានុវត្តភាពដែលការអភិវឌ្ឍទីក្រុងបៃតងអាចជួយដល់ប្រជាជន និងវិស័យឧស្សាហកម្មក្នុងរាជធានីភ្នំពេញ និងឱកាសក្នុងការបង្កើតការងារ ការវិនិយោគបៃតង និងការកើនឡើងនូវសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជន។ សេណារីយូឧស្សាហកម្មបៃតងដែល GGGI និង NCSD បានបង្កើតកាលពីឆ្នាំមុនបង្ហាយឱ្យឃើញថា ការណែនាំឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងវិស័យឧស្សាហកម្មអាចបន្ថែមលើផលិតផលក្នុងស្រុកបានប្រមាណ ២,៧ពាន់លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០៣០ និងបង្កើតឱកាសការងារបានជាងកន្លះលាន ខណៈដែលការកាត់បន្ថយការបំភាយឧស្ម័ន និងកាបំពុលបរិស្ថាន។ យើងក៏អាចរំពឹងផលប្រយោជន៍ស្រដៀងគ្នានេះពីវិស័យអគារបៃតង ឬក៏ការជ្រើសរើសមកប្រើប្រាស់ការដឹកជញ្ជូនដែលល្អសម្រាប់បរិស្ថាន។ លោកស្រីបានសម្ដែងការអបអរសាទរជូនដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការខិតខំប្រឹងប្រែងកន្លងមកដែលបង្ហាញតាមរយៈផែនការនេះដើម្បីអភិវឌ្ឍន៍ទីក្រុងភ្នំពេញប្រកបដោយនិរន្តរភាព៕

ដោយ ពេជ្រ ណារិទ្ធ