ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតទី២០ ក្នុងស្រុកជីក្រែង  ខេត្ដ​សៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតប្រើប្រាស់

AKP សៀមរាប ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩​​ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា និងអាជ្ញាធរខេត្ដសៀមរាបបានរួមគ្នាបន្តដំឡើងប៉ម ចម្រោះ ​​ទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រះធាតុ ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង៦០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុង​សហគមន៍​ជុំវិញ​នោះផងដែរ។ នៅក្នុងពិធីសម្ពោធម៉មទឹកស្អាត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងបរិវេណ​វិទ្យាល័យ ហ៊ុន សែន ព្រះធាតុ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈ​ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់​ក្រុមហ៊ុនមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ  ប៉ុន្តែ​ក្រុម​ហ៊ុននឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បី​អនុវត្តន៍កម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សា​អនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារ​ប៉មចម្រោះ​ទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ។ លោកបានបន្ដថា ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅ ទូទាំង​ប្រទេសកម្ពុជា និងពិភពលោក។

​លោកបានបន្ដទៀតថា ប៉មចម្រោះទឹកស្អាតចំនួនពីរទៀត នឹងត្រូវដំឡើង​នៅទូទាំង​ប្រទេស​កម្ពុជា ក្នុងឆ្នាំ២០១៩នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាន​នៅក្នុង​ឆ្នាំបន្ទាប់ៗទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានផ្ដល់ប៉ម​ចម្រោះ​​ទឹក​ស្អាត​ចំនួន១៩ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦មក បានផ្តល់​ទឹក​ស្អាតចំនួន៤៤.៩៩០.២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង៤០.០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១.៥ ដងក្នុងឆ្នាំនេះ  តាមរយៈការដំឡើងប៉មចម្រោះ​ទឹកស្អាតចំនួនពីរបន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ។

សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២០ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ច​សហការជាមួយអង្គការ Planet Water ដែលមានការ​ដំឡើងប៉មចម្រោះទឹកស្អាត នៅតាម បណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹក​ស្អាតសម្រាប់​ទទួលទាន៕

ដោយ អ៊ុន រិទ្ធី