ក្រសួងសាធារណការគ្រោងដាក់អោយដំណើរការប្រព័ន្ធចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធព័ត៌មានវិទ្យា IT

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
ភ្នំពេញ៖ ក្រសួងសាធារណការគ្រោងដាក់អោយដំណើរការប្រព័ន្ធចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធព័ត៌មានវិទ្យា IT នៅពេលឆាប់ៗនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងយានយន្តនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានទៅចុះបញ្ជីយាយន្តគ្រប់ៗគ្នា។

មន្រ្តីជាន់ក្រសួងសាធារណការនឹងដឹកជញ្ជូនបានអោយដឹងថាក្រសួងសាធារណការ កំពុងសិក្សាពីការចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធព័ត៌មានវិទ្យា IT និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ ហើយមកដល់នឹងពេលនេះក្រសួងបានសិក្សាជិតដល់ដំណាក់កាលចុងក្រោយហើយ
ដោយធ្វើអោយប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងយានយន្តនៅកម្ពុជាឲ្យដូចបណ្តាប្រទេសជឿនលឿន ។
ក្នុងកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលរួមលើកទី៦ (6th JCC Meeting) នៃគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងនឹងបានរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តនេះធ្វើឲ្យមានប្រសិទ្ធភាព និងមានភាពងាយស្រួលដល់ប្រជាជនតាមរយៈភ្ជាប់ប្រព័ន្ធព័ត៌មានIT កាត់បន្ថយពេលវេលាឲ្យខ្លីបំផុត ពិសេសចង់ឲ្យមានការចុះបញ្ជីបានភា្លមៗ ។
ឯកឧត្តមបន្តទៀតថា គម្រោងនេះក៏បានបង្កើតឡើងក្នុងគោលការណ៍ណែនាំសម្រាប់ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធព័ត៌មាន ITនេះ អាចឲ្យប្រជាពលរដ្ឋយើងដឹងពីអត្តសញ្ញាណត្រឹមត្រូវ មានអាស័យដ្ឋានច្បាស់លាស់ ពេលដែលខុសអាចរកឃើញភ្លាមៗ និងធ្វើឲ្យមានភាពងាយស្រួលនូវនីតិវិធីដាក់ពាក្យស្នើសុំ ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ បានបង្កើតគម្រោងការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចកទេសយានយន្ត នេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរបស់ អង្គការJICA ជប៉ុនតាមរយៈគម្រោង ទំនើបកម្មនៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត JICA/MVRI ៕