ក្រុមប្រតិភូ អត្តពលិកហែលទឹកក្នុងតំបន់មកដល់កម្ពុជាជាបន្តបន្ទាប់ត្រៀមប្រជែង មេដាយ ជើងឯកអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃសុក្រស្អែក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមប្រតិភូ អត្តពលិកហែលទឹកមកពីបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានមក ព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់ ដោយទទួលបានការស្វាគមន៍យ៉ាង កក់ក្តៅពីមន្ត្រីសហ ព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា ហែលទឹកជើងឯកយុវជនអាស៊ី អាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ដែលចាប់ផ្តើមដំណើរការជា ផ្លូវការ នាព្រឹកថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។
ក្នុងឋានៈជាម្ចាស់ផ្ទះ សហព័ន្ធកីឡាខ្មែរហែលទឹកបានរៀបចំរថយន្តក្រុងដឹកជញ្ជូនពីអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញមកកាន់សណ្ឋាគារកម្រិតផ្កាយ៥ ក្នុងរាជធានីភ្នំពេញ។ ក្រុមប្រតិភូ កីឡាករ កីឡាការិនីវ័យក្មេង មកពីបណ្តាប្រទេសនានា ក្នុងតំបន់ កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ មានប្រទេសហ្វីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ ថៃ និងប្រទេសព្រុយណេជាដើម។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហ ព័ន្ធខ្មែរ កីឡាហែលទឹកបាន អញ្ជើញចុះទៅ ត្រួតពិនិត្យមើលការរៀបចំនៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមបើកការប្រកួតនៅព្រឹកថ្ងៃសុក្រស្អែក។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានឱ្យដឹងថា ព្រឹត្តិការ ណ៍ជើងឯកអាស៊ី អាគ្នេយ៍យុវជននៅកម្ពុជានេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុប ៤០៦នាក់ ក្នុងនោះមាន អត្តពលិកសរុប២៩០នាក់ ដោយត្រូវប្រជែងមេដាយ មាស លើវិញ្ញាសាសរុបចំនួន១០៥វិញ្ញាសា យៈពេល៣ថ្ងៃ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ក្នុងថ្ងៃទី១ ដែលជាថ្ងៃបើកឆាក មាន៣៩វិញ្ញាសា ថ្ងៃទី២ និងថ្ងៃទី៣ មាន៣៣ វិញ្ញាសាដូចៗគ្នា ដោយផ្តោតសំខាន់លើអត្តពលិកថ្នាលចន្លោះអាយុ១៣ឆ្នាំ ដល់១៨ ឆ្នាំ ខណៈសហព័ន្ធខ្មែរ កីឡាហែលទឹកបានត្រៀមកីឡាករ កីឡាការិនីថ្នាលរបស់ខ្លួនចំនួន២០នាក់ និងគ្រូ​បង្វឹក ប្រតិ ភូចំនួន៥នាក់៕

ដោយ ហេង​ ណាលីន