ខេត្តមណ្ឌលគិរី ផ្អាកដំណើរការបណ្តោះអាសន្ននូវសិប្បកម្មផលិតទឹកពិសាដបចំនួនបីទីតាំង

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី
មណ្ឌលគីរី៖ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានបិទជាបណ្តោះអាសន្ន ចំពោះសិប្បកម្មផលិតទឹកពិសារចំនួន៣ទីតាំង ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយសារសិប្បកម្មទាំងនេះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការចុះត្រួតពិនិត្យ សិប្បកម្ម ផលិតទឹកពិសារដប ដោយពិនិត្យឃើញថា សិប្បកម្មទាំងនេះបានដំណើរការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាកម្ម និងសិប្បកម្មខេត្តនោះទេ ។
លោកបន្តថា ក្នុងឱកាសចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានរកឃើញឧបករណ៍ ចម្រោះទឹកដែលប្រើប្រាស់នោះ គឺអាចប្រើប្រាស់បានត្រឹមលក្ខណៈក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ ទាំងបរិមាណផលិត ទាំងគុណភាពផលិត រួមទាំងលក្ខណៈបច្ចេកទេសក្បួនអនាម័យផលិតកម្ម និងទីតាំងផលិត។ ម្យ៉ាងទៀត ខ្សែសង្វាក់ ផលិតកម្មច្រកដប និងវេចខ្ចប់របស់សិប្បកម្មទាំងបីនេះ គឺមិនអនុលោមទៅតាមបទដ្ឋាន បច្ចេកទេសទឹកពិសាដប ដែល ចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្មរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អាចធ្វើឱ្យប៉ះពាល់ដល់ គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់នៅលើទីផ្សារ។
មន្រ្តីជំនាញ បានពន្យល់ និងណែនាំពីការគ្រប់គ្រងរោងចក្រ-សិប្បកម្ម និងនិតីវិធីមួយចំនួនផ្សេងទៀតទៅដល់ម្ចាស់សិប្បកម្ម និងដំណើរ ការផលិត និងចែកចាយលក់នៅលើទីផ្សារ ហើយក៏បានឱ្យម្ចាស់សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ អូគិថាណាចំនួន ពីរកន្លែង និងស្មូត ១កន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ត្រូវបញ្ឈប់សកម្មភាពផលិត និងធ្វើអាជីវកម្ម រហូតដល់ពេលទទួល បានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។
លោក សុខ ប៊ុនធឿន បានស្នើដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវមកទំនាក់ទំនងសុំច្បាប់ បង្កើតរោង ចក្រសិប្បកម្មនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី ដើម្បីកែប្រែនូវប្រព័ន្ធផលិតកម្ម និងគុណភាព ឱ្យសមស្របតាមស្តង់ដារបច្ចេកទេសទឹកពិសាដប និងនិតីវិធីផ្លូវច្បាប់ជាធរមានក្នុងរយៈពេល១សប្តាហ៍។ លោកបន្ថែមថា ក្នុង ករណីម្ចាស់សិប្បកម្មមិនអនុវត្តន៍តាមការណែនាំរបស់មន្រ្តីជំនាញ ហើយឃើញនៅតែបន្តការផលិត និងចរាចរណ៍ចែកចាយលក់លើទីផ្សារទៀត មន្ទីរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមានស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ និងផាកពិន័យតាមច្បាប់ជាធរមាន៕