ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា​របស់​សម្តេចព្រះមហាក្សត្រី​ ​ បានឧបត្ថម្ភដល់អ្នកស្លាប់  និងអ្នករបួសក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ ​

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៩ — តាមប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រុមការងារកាកបាទក្រហមកម្ពុជា​​  ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារនាំយកព្រះរាជូបត្ថម្ភ ដ៏ថ្លៃថ្លារបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ យកទៅប្រគល់ជូនដល់ក្រុមគ្រួសារ សពជនរងគ្រោះទាំង​២៨នាក់​ នៅតាមខេត្តស្រុកកំណើត​រៀងៗខ្លួន​ ខណៈដែលអ្នករង​របួសកំពុងសម្រាកព្យាបាលទាំង​២៦នាក់​នោះ បានទទួលរួចហើយកាលពីថ្ងៃម្សិលមិញនេះ។ ទន្ទឹមនឹងនេះ​ អំណោយរបស់​កាកបាទក្រហមកម្ពុជា​ ក៏បាន​ប្រគល់ជូនគ្រួសារជនរង គ្រោះរួចរាល់​ហើយដែរ ដោយគ្រួសារសពនីមួយៗទទួលបាន​ថវិកា​ ៥លានរៀល​ អង្ករ​ ១២០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ ទឹកក្រូច​ ៥កេស​ និងទឹកសុទ្ធ​ ៥កេស។ ​ អ្នករបួសទាំង​ ២៥នាក់​ ក្នុងម្នាក់ៗទទួលបាន​ ថវិកា​ ២លានរៀល​ ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១។ ​ អ្នករងរបួសធ្ងន់ធ្ងរម្នាក់ទទួលបាន​ ថវិកា​ ៥លានរៀល​ ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១។

សូមបញ្ជាក់ថា​ ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមនូវព្រះរាជទ្រព្យ​ចំនួន​ ១ម៉ឺន​ ដុល្លារអាម៉េរិក​របស់​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ បានប្រគល់ជូនក្រុមគ្រួសារអ្នកស្លាប់ទាំង​ ២៨នាក់​ ក្នុងម្នាក់ៗ​ទទួលបាន២៥០ដុល្លារ​ និងអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាំង​ ២៥នាក់​ ក្នុងម្នាក់ៗ​ ទទួលបាន១០០ដុល្លារ​។ ដោយឡែក​ អ្នករងរបួស​ធ្ងន់ធ្ងរ​ ១នាក់​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ​ ទទួលបាន​ ៥០០ដុល្លារអាម៉េរិក៕

ដោយ សាយ សុន (រូបថត៖កាកបាទក្រហមកម្ពុជា )