ប្រធានរដ្ឋសភាសង្ឃឹមថាកម្ពុជានឹងរីកចម្រើនទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា បានសម្តែង ក្តីសង្ឃឹមថាក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជា នឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល ៦៨ឆ្នាំហើយនោះ។

 

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ មួយថ្ងៃមុន ខូប ៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ នៅលើ ទំព័រ Facebook ផ្ទាល់ របស់ សម្តេច បានលើក ឡើងថា ថ្ងៃ២៨ មិថុនា ឆ្នាំ២០១៩ ស្អែក ជាថ្ងៃខូប៦៨ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាបានប្រសូត្រឡើង។    គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមាន ឈ្មោះ ដើម ថា “ បក្ស ប្រជាជន បដិវត្តន៍ ខែ្មរ ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។

 

សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

 

“យើងសង្ឃឹមថាក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល ៦៨ឆ្នាំហើយនោះ” នេះជាការគូសបញ្ជាក់ របស់សម្តេចប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា៕