ឯកឧត្តម ថោង ខុន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៩ — កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ែលឌីន ហ៊ូសៃនី ប៊ីនម៉ូដាស៊ីម (Eldeen Husaini BINMOHDHASHIM) ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំកម្ពុជា នៅទីស្ដីការ ក្រសួងទេសចរណ៍។ ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រីបានឯក ភាពជាមួយភាគីម៉ាឡេស៊ី សហការរៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីត្រៀមចុះហត្ថលេខាជា ផ្លូវការ នៅពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាអំឡុង ចុងឆ្នាំ២០១៩ ខាងមុខ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារពិសេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ក្នុងនោះរួមមាន៖ ការផ្លាស់ព័ត៌មានទេសចរណ៍, ការផ្សព្វផ្សាយពីវិស័យ ទេសចរណ៍ និងការជំរុញការបណ្ដុះបណ្ដាធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។

ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី បានស្នើសុំកិច្ចសហការពីភាគីកម្ពុជាចំនួន៤ចំណុច រួមមាន៖ ទី១-ការជំរុញវិស័យទេសចរណ៍សុខាភិបាល ដោយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កម្ពុជាឱ្យទៅពិនិត្យព្យាបាលជំងឺ និងភ្ជាប់ជាមួយដំណើរទេសចរ ដោយម៉ាឡេស៊ីនឹងផ្ដល់ជូន នូវតម្លៃពិសេស។ ទី២-ការជំរុញទេសចរវាយកូនគោល (Golf Tourism) ដោយកីឡាប្រភេទ នេះមានការពេញនិយមខ្លាំងនៅម៉ាឡេស៊ី ហើយម៉ាឡេស៊ីក៏ចាប់អារម្មណ៍ការនិយមលេង នៅកម្ពុជាផងដែរ។ ទី៣-រៀបចំពិធីពិព័រណ៍ម្ហូបអាហារបែបមូស្លីមនៅកម្ពុជា ឬហៅថា Food Festival និងទី៤- ស្នើភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរនិយាយ ភាសា ម៉ាឡេស៊ី ដើម្បីបំពេញតម្រូវទីផ្សារ និងការរៀបចំសេវាកម្មម្ហូបអាហារហាឡាល់។

ជាការឆ្លើយតបចំពោះការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងឯកភាព ចំពោះសំណើទាំងនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញភាគីម៉ាឡេស៊ីចូលរួមសន្និសីទ ស្តីពីម្ហូបអាហារ (Conference on Gastronomy) ដែលនឹងធ្វើឡើងអំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ និងបានលើកឡើងពីបំណងរៀបចំឱ្យមានដំណើរកម្សាន្តឆ្លងដែនតាមម៉ូតូ ដែលជា ផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដោយអាចធ្វើដំណើរឆ្លងពីកម្ពុជាទៅថៃ ហើយបន្តទៅកាន់ម៉ាឡេស៊ី។

សូមរម្លឹកថា កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ីជាង ២០ម៉ឺន នាក់ កើនឡើង ១២.២ភាគរយ ហើយក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលទេសចរ ម៉ាឡេស៊ីប្រមាណជាង ៦.៥ម៉ឺននាក់៕

ដោយ សាយ សុន (រូបថត៖ក្រសួងទេសចរណ៍)