ប្រធានាធិបតីអាមេរិកលើកឡើងថាប្រសិនបើអាមេរិករងការវាយប្រហារ ជប៉ុនមិនអាចជួយយើងបាននោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ភួង ឈុនលាង

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានរិះគន់ជាថ្មីចំពោះសម្ព័ន្ធភាពយោធាមិនស្មើភាពរវាងសហរដ្ឋអាមេរិក និងជប៉ុនដោយនិយាយថា ប្រសិនបើសហរដ្ឋអាមេរិកត្រូវបានវាយប្រហារនោះជប៉ុននឹងមិនអាចជួយយើងទេ ហើយអាចមើលអាមេរិកត្រូវគេវាយប្រហារនៅលើកញ្ចក់ទូរទស្សន៍ ថែមទៀត ផង។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩បាអោយដឹងថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំបានផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍ Fox Business Network មុនពេល ជួបលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅក្នុងកិច្ចប្រជុំ G20 នៅទីក្រុងអូសាកានៅក្នុងសប្ដាហ៍នេះ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក រួមទាំងជប៉ុនបានទទួលប្រយោជន៍យ៉ាងច្រើន ពីសហរដ្ឋអាមេរិក ដោយមិនមានសមភាពឡើយ។ បើជប៉ុនរងការវាយប្រហារណាមួយ នោះយើងនឹងចូលធ្វើសង្រ្គាមលោកលើកទី ៣ ដោយទ្រព្យសម្បត្តិ ជាមួយការពលីជីវិតរបស់យើងទៀតផង។
សហរដ្ឋអាមេរិកបានក្លាយជាសម្ព័ន្ធមិត្តខាងយោធានិងការទូតដ៏ជិតស្និទ្ធរបស់ទីក្រុងតូក្យូអស់រយៈពេលជាង 70 ឆ្នាំមកហើយ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាសានហ្វ្រានស៊ីស្កូនៅឆ្នាំ 1951ហើយកិច្ចព្រមព្រៀងនេះត្រូវបានកែតម្រូវនៅឆ្នាំ 1960 ជាសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការនិងសន្តិសុខទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងជប៉ុនដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិករក្សាមូលដ្ឋានយោធានៅក្នុងប្រទេសជប៉ុន និងអាចការពារប្រទេសជប៉ុនប្រសិនបើត្រូវបានគេវាយប្រហារ៕ ប្រភព៖ CNN