ម្ចាស់ផ្ទះអគ្គិសនីកម្ពុជាបានត្រឹមស្មើជាមួយអង្គរថាយហ្គឺរវគ្គជម្រុះជើងទី១ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាបានត្រឹមស្មើជាមួយក្រុមភ្ញៀវអង្គរថាយហ្គឺរ ដោយលទ្ធផល០ទល់ ០ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងការប្រកួតជម្រុះជើងទី១ វគ្គ១៦ ថ្នាក់ជាតិពាន រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩។

ក្រុមទាំងពីរសុទ្ធតែមានឱកាសល្អៗដូចគ្នា ប៉ុន្តែមិនអាចសម្រេចទីបានដូចគ្នា ដោយរក្សាលទ្ធ ផលត្រឹម ស្មើគ្នា០ទល់០។ ចំពោះ១ប្រកួតទៀត នៅថ្ងៃបើកឆាក វគ្គ១៦ក្រុមថ្នាក់ជាតិនេះដែរ ម្ចាស់ផ្ទះខេត្តសៀមរាប ដែលជាក្រុមជើងឯករង ថ្នាក់ខេត្តត្រូវបានក្រុមភ្ញៀងបឹងកេតបំបាក់ យ៉ាងចាស់ដៃ ដោយលទ្ធផល៦ទល់០ ដែលធ្វើសម្រេចបាន៣គ្រាប់ដោយកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ម៉ុន វ៉ាន់ដា, ឃួន ឡាបូរ៉ាវី, ឳ ភារុណ។ ២ ប្រកួតនេះនឹងត្រូវជួបគ្នាម្តង ទៀតនៅជើងទី២ ដើម្បីកាត់សេចក្តីថាតើក្រុមណាដែលកក់កៅអីសម្រាប់វគ្គ៨ក្រុម ចុងក្រោយ ជាបន្តទៀត។

ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះក៏បាន២ប្រកួតដែរ ដែលជាការប៉ះគ្នារវាងភ្នំពេញ ក្រោន និងខេត្តកំពង់ចាម ស្របពេលដែលព្រះខ័នរាជស្វាយរៀង ជួបជាមួយខេត្តត្បូងឃ្មុំ។ ចំពោះ៤ប្រកួតផ្សេងទៀតគ្រោងនឹងត្រូវធ្វើឡើងនាថ្ងៃទី៣ និងថ្ងៃទី៤ ខែកក្កដា ដែលក្រុម គិរីវង់សុខ សែនជ័យប្រកួតជាមួយណាហ្គាវើល, សូលទីឡូអង្គរជួបខេត្តរតនគិរី និងអគ្គស្នង ការដ្ឋាននគរបាលជាតិ ជួបប្រកួតជាមួយនឹងក្រុមវិសាខា ខណៈអាស៊ីអឺរ៉ុបប៉ះជាមួយក្រសួង ការពារជាតិ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩នេះ ចែកចេញជាពីរវគ្គ ដែលវគ្គទី១ហៅថាការប្រកួតថ្នាក់ខេត្ត និងការប្រកួតថ្នាក់ជាតិ ដោយថ្នាក់ ខេត្តបានបញ្ចប់រួចហើយ កាលពីថ្មីៗនេះ ដោយក្រុមជ័យលាភីទាំង៣ គឺខេត្តត្បួងឃ្មុំ សៀមរាប និងរតនគីរី ឡើងមកប្រកួតថ្នាក់ជាតិជាមួយក្រុមចំនួន១៣ ដែលស្ថិតក្នុងក្របខ័ណ្ឌលីគកំពូល កម្ពុជា៕

ដោយ ហេង ណាលីន