ក្រសួងបរិស្ថានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ “យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦-២០២៣”

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងបរិស្ថានបានធ្វើ​ការផ្ស​ព្វ​ផ្សាយ និង​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ”យុទ្ធសាស្ត្រ និងផែនការសកម្មភាព​បរិ​ស្ថានជាតិ ២០១៦-២០២៣” នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងតាមវិស័យនានា តំណាងអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ សរុបប្រមា ណ ១៥០នាក់។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថាន ជាតិ (NESAP) ២០១៦-២០២៣ ហៅថា (យ.ផ.ប.ជ.) ត្រូវបានរៀបចំឡើងដោយក្រុមការងារ អន្តរក្រសួងស្ថាប័នចំនួន១៦ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៩ និងច្បាប់ស្តីពីការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ហើយឯកសារនេះត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា  យ.ផ.ប.ជ គឺ ផែនទីបង្ហាញផ្លូវមួយដ៏មានសារៈ សំខាន់សម្រាប់ជួយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ​ន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្ត្រផែនការ សកម្មភាព និងកម្មវិធីវិនិយោគ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់​ខ្លួន សំដៅធានា ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយចីរភាពនៅកម្ពុជា។ យ.ផ.ប.ជ. មិនមែនជាឯកសាររបស់ក្រសួងបរិស្ថាន ឬក្រុមប្រឹក្សាជាតិអភិ​វឌ្ឍន៍ដោយចីរភាព ម្នាក់ឯងនោះទេ តែជាឯកសារជាតិ និងជារបស់យើងទាំងអស់គ្នា ពីព្រោះបញ្ហាបរិស្ថាន គឺបញ្ហាដែលមានចរិតជាអន្តរវិស័យ។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការក៏សូមសម្តែងនូវការកោតសរសើរ និងរីករាយចំពោះក្រុមការងារចំពោះកិច្ចអន្តរក្រសួង រួមមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំសៀវភៅយុទ្ធសាស្ត្រនេះឡើង និងសូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់ដំណើរ ការរៀបចំឯកសារយុទ្ធសាស្ត្រនេះផងដែរ៕

ដោយ ប៉ាល់ សុង