ក្រសួងបរិស្ថានផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពបដែលជួយគាំពារដល់បរិស្ថាន

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី

ភ្នំពេញ: ក្រសួងបរិស្ថានផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពបដែលជួយគាំពារដល់បរិស្ថាន សំដៅឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការឆ្លើយតបកិច្ចគាំពារបរិស្ថាននិងការអភិរក្សជីវៈចម្រុះ ព្រមទាំងត្រូវ​សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុឲ្យកាន់តែប្រសើរ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានឲ្យដឹងថា យុទ្ធសាស្ត្រជាតិស្តីពីបរិស្ថាននេះ មានដាក់បញ្ចូលនូវបញ្ហាប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មីឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការ

លើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។

ថ្លែងក្នុងពិធីផ្សព្វផ្សាយឯកសារ«យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-២០២៣» ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៧ ខែមិថុនានេះ ឯកឧត្តមបញ្ជាក់ថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះ មានសារសំខាន់ណាស់ ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការប្រែប្រួលអាកាសធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតងដើម្បីបញ្ចៀសនិងសម្រាលនូវផលប៉ះពាល់អវិជ្ជមាន ហើយប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ដែលឆ្លើយតបទៅនឹងការរំពឹងទុកនៃទាញយកប្រយោជន៍ជាអតិបរមាពីការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្ម ជាពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-២០២៣នេះ ត្រូវបានចងក្រងជាសៀវភៅ«ស»ដែលមានជាភាសាខ្មែរកម្រាស់១៤០ទំព័រ និងភាសាអង់គ្លេស១១៨ទំព័រ ដោយក្រុមការងារចំពោះកិច្ចអន្តរក្រសួងមកពីក្រសួងស្ថាប័នចំនួន១៦ រួមមាន៖ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងទេសចរណ៍។

ជាមួយគ្នានេះ ក៏មានកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី មជ្ឈមណ្ឌលប្រតិបត្តិការបរិស្ថាននៃមហាអនុតំបន់មេគង្គ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងការបោះពុម្ពឯកសារនេះជាលើកដំបូងចំនួន៥ពាន់ក្បាល សម្រាប់ធ្វើការចែកចាយនិងផ្សព្វផ្សាយឲ្យប្រើប្រាស់ផងដែរ៕