កិច្ចព្រមព្រៀង EVFTA នឹងជួយជំរុញការនាំចេញរបស់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩​ — តាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ត្រូវបានសង្ឃឹមថា នឹងផ្តល់នូវ   ឱកាសមួយសម្រាប់វៀតណាមក្នុងការជំរុញការនាំចេញ នឹងពង្រីកទីផ្សារនាំចេញ ព្រមទាំងផលិតផលនានា ជាពិសេសផលិតផលកសិកម្ម។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា EVFTA គឺជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់ ដែលមានការយកចិត្តទុកដាក់ប្រកបដោយតុល្យភាព នឹងបានពិចារណាទៅលើភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍រវាងភាគីទាំងពីរ។

យោងតាមលោក Anh បានឱ្យដឹងថា កិច្ចចរចារបស់ EVFTA និងកិច្ចព្រមព្រៀងស្តីពីការការពារការ   វិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) ត្រូវបានចាប់ផ្តើម និងបញ្ចប់ក្នុងភាពជាដៃគូដ៏ល្អរវាងវៀតណាម និងសហភាពអឺរ៉ុប ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ការប្តេជ្ញាចិត្តរួមបញ្ចូលនៅក្នុង EVIPA នឹងរួមចំណែកក្នុងការបង្កើតតម្លាភាពច្បាប់ និងបរិយាកាស   វិនិយោគដូច្នេះវានឹងជួយឱ្យវៀតណាមទាក់ទាញបានអ្នកវិនិយោគពីសហភាពអឺរ៉ុប និងទីផ្សារដទៃទៀត។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា កិច្ចចរចា និងការអនុវត្តកិច្ចព្រមព្រៀងនានា បានផ្តល់នូវសារជាវិជ្ជមានមួយ ស្តីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់សមាហរណកម្មរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។

លោកបាននិយាយថា ផលិតផលសំខាន់ៗរបស់វៀតណាមនឹងទទួលបានអត្រាពន្ធអនុគ្រោះ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្ម ដោយលោកបាននិយាយបន្ថែមថា ផលិតផលកសិកម្ម ស្រូវ កាហ្វេ ទឹកឃ្មុំ សត្វចិញ្ចឹម និងផ្លែឈើ នឹងទទួលបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្ត្រី Anh បានចាត់ទុកថា ផលិតផលដែលមានសក្តានុពលខ្ពស់នៅក្នុងទីផ្សារសហភាពអឺរ៉ុប រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម ផលិតផលព័ត៌មានវិទ្យា និងផលិតផលឧស្សាហកម្ម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)