ខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”

វិទ្យុជាតិកម្ពុជា៖ដោយលោក ៖លោកលឹម តុងហួត៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩បានសហការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ “ សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព”។


ពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យកំពង់ធំក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ ឯក ជ័ យ បុប្ផា អគ្គលេខាធិការ រង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត កំពងធំ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស និងអ្នកពាក់ព័ន្ធសរុបជិត២០០០នាក់ ។


បន្ទាប់ពីលោក ឧត្តមសេនីយ៍ ទោ អ៊ុក កុសល ស្នងការ និងអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ប្តេជ្ញាចិត្តនិងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀនរួចមក លោក ជំទាវ ឧត្តមសេនីយ៍ ឯក ជ័ យ បុប្ផា មានប្រសាសន៍ថា គណៈ កម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ធំ ថ្នាក់ ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តកំពង់ធំដៃគូអង្គការមិនមែន រដ្ឋាភិបាល ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង សប្បុរស ជននានា បានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធ រៀងៗខ្លួន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់ កាល នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម សុខ លូ បាន កោតសរសើរដោយស្មោះចំពោះ ថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្ត។
ឯកឧត្តម បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ត្រួវបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហើយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ៕