កម្ពុជានិងម៉ាឡេស៊ីបង្កើនការទាក់ទាញភ្ញៀវទេសចរម៉ូស្លឹមឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖កម្ពុជា និងម៉ាឡេស៊ីបង្កើនការទាក់ទាញភ្ញៀវទេសចរដែលគោរពសាសនាម៉ូស្លឹម ខណៈប្រជាពលរដ្ឋម៉ាឡេ ស៊ីភាគច្រើនគោរពប្រតិបត្តិការសាសនាមូស្លឹម។

ក្នុងជំនួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនានេះ ឯកឧត្តម អ៊ែលឌីនឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា ម៉ាឡេស៊ីចង់រៀបចំពិធីពិព័រណ៍ម្ហូបអាហារបែបមូស្លីមនៅកម្ពុជាហើយ​បានស្នើឱ្យភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាម៉ាឡេស៊ីដើម្បីបំពេញតម្រូវទីផ្សារទេសចរ​ជនជាតិម៉ាឡេស៊ីដែលចង់មកកម្ពុជាជាពិសេសការរៀបចំសេវាកម្មម្ហូបអាហារ        ហាឡាល់​ផងដែរ។

ឯកឧត្តម តុប សុភក្តិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឯកភាពរៀបចំផែនការថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរដែលគោរពសាសនាមូស្លឹមមកពីប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ។

នៅក្នុងជំនួបនោះដែរកម្ពុជា និងម៉ាឡេស៊ីបាន ឯកភាពគ្នាបង្កើតក្រុមការងារពិសេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានដូចជាការផ្លាស់ព័ត៌មានទេសចរណ៍ ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្នុងពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មហាធៀ មហាម៉េតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជានាអំឡុងខែកញ្ញា ឬខែតុលាឆ្នាំ២០១៩ខាងមុខ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ីជាង ២០ម៉ឺននាក់ កើនឡើងជាង១២ភាគរយហើយក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរម៉ាឡេស៊ីប្រមាណជាង ៦ម៉ឺន៥ពាន់នាក់៕