ឯកឧត្តម អ៊ុយ សំអាត នាំយកថវិកាឧបត្ថម្ភរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជូនដល់គ្រួសារសពប្តីប្រពន្ធដែលស្លាប់ក្នុងករណីរលំបាក់អគារ ៧ជាន់នៅខេត្តព្រះសីហនុ

AKP ​ក្រចេះ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ -កាលពីរសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា បាននាំយកនូវថវិកាដែលជាព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ទៅផ្តល់ជូនដល់គ្រួសារសពប្តីប្រពន្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុរលំបាក់អគារ ៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ដែលបានផ្តល់ជូននាពេលនោះ មានថវិកាចំនួន ៥០០ដុល្លារអាម៉េរិក ជាការព្រះរាជទានចំពោះគ្រួសារសពប្តីប្រពន្ធមានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលសពប្តីឈ្មោះ ទេព ណី អាយុ ៤៩ឆ្នាំ និងសពប្រពន្ធឈ្មោះ ព្រុំ ដែន អាយុ ៤៦ឆ្នាំ ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុយ សំអាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការរំលែកនូវមរណ:ទុក្ខជាមួយគ្រួសារនៃសពពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្ដែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះគ្រោះមហន្តរាយដែលមិនធ្លាប់មាន តែវាគឺជាឧបទ្ទវហេតុនៃគ្រោះមហន្តរាយមួយដែលបង្កឡើងដោយការរលំបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលបានសម្លាប់កម្មករ កម្មការនីដែលស្នាក់នៅទីនោះចំនួន ២៨នាក់ និង ២៦នាក់ទៀតបានរងរបួស ៕

ដោយ ជួន សុជាតិ