ពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៩ -ពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាមត្រូវបានធ្វើនៅរសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ ទូទាំងខេត្តជាច្រើនរូប។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ គឺប្រធានសាលាដំបូងខេត្តកំពង់ចាមលោក នៅ យ៉ារ័ត្ន ត្រូវបានផ្ទេរទៅជាប្រធានសាលាដំបូងខេត្តរតនគិរី ហើយប្រធានសាលាដំបូងខេត្តរតនគិរីលោក សួស ឡា ត្រូវផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ចាមវិញ។

លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលទើបតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងសហការ ធ្វើទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវ និងមានយុត្តិធម៌។ ជាពិសេសចូលរួមចំណែកធ្វើឱ្យខេត្តកំពង់ចាមធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់បន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌ត្រូវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់សាលាដំបូងខេត្តកំពង់ចាមសម្រេចបានក្នុងរយៈពេល៥ឆ្នាំពិតជាបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងនាមជាចៅក្រម និងព្រះរាជអាជ្ញាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិ។ដោយសារតែមានសារៈសំខាន់ដូចនេះបានជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ស្រ្តី កុមារ និងប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពជួលមេធាវីមកការពារដែលត្រូវចោទទាំងនៅក្នុងពន្ធនាគារ និងក្រៅពន្ធនាគារ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ចៅក្រម ព្រះរាជអាជ្ញា គឺជាតួអង្គដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌សម្រាប់សង្គម។ ដូច្នេះបុគ្គលដែលជាចៅក្រម ព្រះរាជអាជ្ញា ត្រូវប្រយុទ្ធប្រឆាំងចំពោះអំពើបំពានដោយអយុត្តិធម៌នៅក្នុងសង្គម  មិនត្រូវប្រព្រឹត្តនូវអំពើពុករលួយនោះទេ ដើម្បីកសាងនូវទំនុកទុកចិត្តពីសាធារណជន មកលើប្រព័ន្ធយុត្តិធម៌កម្ពុជាត្រូវចេះសាមគ្គីផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ក្នុងខេត្តពិសេសរដ្ឋបាលខេត្តជាសេនាធិការផ្ទាល់នោះ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានជំរុញឱ្យចៅក្រុម ព្រះរាជអាជ្ញាទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងកាត់ក្តីឱ្យមានយុត្តិធម៌បំផុត ។ ចេះរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងភាពស្អាតស្អំ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីអនុវត្តន៍ច្បាប់។ ពង្រឹកយន្តការនៃការធ្វើការងារ និងធ្វើទំនើបកម្មក្នុងការងារយុត្តិធម៌ និងចាត់ការរាល់សំណុំរឿងគ្រប់សំណុំរឿងឱ្យបានឆាប់រហ័សស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ដូច្នេះចៅក្រម ព្រះរាជអាជ្ញាទាំងអស់ ជាពិសេសប្រធានសាលាដំបូង ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាចៅក្រម ហើយចៀសវាងឱ្យផុតនូវអគតិទាំង៤ គឺ ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់ ទោសាគតិ លំអៀងព្រោះស្អប់ ភ័យាគតិ លំអៀងព្រោះភ័យខ្លាច   មោហាគតិ លំអៀងព្រោះល្ងង់  ដែលអគតិទាំង៤នេះវាជាគ្រឿងបំផ្លាញដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង  និងប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលហើយបន្តពន្លឿនការកាត់ក្តីឱ្យបានលឿនត្រឹមត្រូវជូនប្រជាពលរដ្ឋដោយឈរលើសេចក្តីយុត្តិ ធម៌បំផុត ៕

ដោយ លោក ឆាយ ម៉ុត