ADBប្រកាសជួយកែលម្អជំនាញការប្រកួតប្រជែងនៃកម្លាំងការងាររបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយ កញ្ញា អ៊ី កនិកា ២៧.មិថុនា.២០១៩

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADBបានប្រកាសជួយកែលម្អជំនាញ ការប្រកួតប្រជែងនៃកម្លាំងការងាររបស់កម្ពុជា តាមរយៈការអនុម័តឥណទានសម្បទានចំនួន ៦០លានដុល្លារ ដើម្បីអនុវត្តគម្រោងមួយចំនួននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADBបានឲ្យដឹងថា ឥណទានសម្បទាននេះ មានគោលបំណងជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មនិងទំនើបកម្មវិស័យឧស្សាហកម្ម តាមរយៈការកែលម្អបរិក្ខា និង ឧបករណ៍សម្ភារៈរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា (TTIs) មួយចំនួនដែលត្រូវបានជ្រើសរើសទូទាំងប្រទេស។ បន្ថែមពីនេះទៀតគឺ កែលម្អកម្មវិធីសិក្សា និង ជំនាញរបស់គ្រូបណ្តុះបណ្តាលរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា និង ជំរុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាល និង សហគមន៍ធុរកិច្ច សំដៅសម្រេចឱ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ។
លោកស្រី យូមីកុ យ៉ាម៉ាកាវ៉ា មន្ត្រីឯកទេសផ្នែកអប់រំរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ឱ្យដឹងថា ការមានកម្លាំងការងារដែលមានជំនាញខ្ពស់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និង កម្លាំងការងារកើនឡើង ដូចជាកម្ពុជា។ លោកស្រីបន្តថា “ឥណទានសម្បទានរបស់ ADB នឹងផ្តោតលើការកែលម្អជំនាញរបស់និយោជិតដែលបម្រើការងារនៅក្នុងវិស័យដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនេះនឹងជួយផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណវុឌ្ឍិការងារចំនួនជាង១៨.០០០នាក់ រួមមាន ២៨ភាគរយ ជាស្ត្រី ដែលមានលទ្ធភាពខ្ពស់ជាងក្នុងការទទួលបានការងារធ្វើនិងជំនាញបច្ចេកទេសនៅក្នុងវិស័យអាទិភាពចំនួន៤៖ កម្មន្តសាល សំណង់ អគ្គិសនី និង អេឡិកត្រូនិក។
សូមបញ្ជាក់ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទាំង៥ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សម្រាប់ឧទ្យាន TVET និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង៕