ម៉ាឡេស៊ីរឹបអូសបានអណ្តើករាប់ពាន់ក្បាលនៅឯព្រលានយន្តហោះ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ភួង ឈុនលាង៖

អាជ្ញាធរម៉ាឡេស៊ីបានរឹបអូសកូនអណ្តើកជាង 5000 ក្បាលដែលបានរកឃើញនៅក្នុង វ៉ាលិសរបស់បុរសជនជាតិឥណ្ឌា២នាក់នៅអាកាសយានដ្ឋានគូឡាឡាំពួរ។


ក្រុមមន្ត្រីបាននិយាយថាសត្វអណ្តើកត្រចៀកក្រហម ដែលជនសង្ស័យបានលួចដឹកជញ្ជូនតាមយន្តហោះនេះគឺមានគោលដៅយកទៅលក់នៅប្រទេសឥណ្ឌាដែលមានតំលៃរហូតដល់ ១២,៧០០ ដុល្លារ។
លោក Zulkurnain Mohamed Yusof មន្ត្រីគយជាន់ខ្ពស់ម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន BBC ថាប្រទេសម៉ាឡេស៊ីគឺជាចំណុចឆ្លងកាត់ដ៏ធំមួយសម្រាប់អ្នករត់ពន្ធសត្វព្រៃទៅបណ្តាប្រទេសអាស៊ីដទៃទៀត។ លោកបន្តថា អណ្តើកដែលត្រូវបានរឹបអូសនៅម៉ាឡេស៊ីកាលពីសប្តាហ៍មុននឹងត្រូវដាក់ក្រោមការថែទាំពីមន្ត្រីសត្វព្រៃ។
យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានឱ្យដឹងថា សត្វអណ្តើកត្រចៀកក្រហម ជាប្រភេទសត្វដែលរងការគំរាមកំហែង ដូច្នេះវាក៏មានការនិយមបំផុតនៅក្នុងការលួចជួញដូរខុសច្បាប់ផងដែរ។ ប្រភព៖សារព័ត៌មាន BBC