ដំណាំដំឡូងមីរបស់កសិករនៅខេត្តស្ទឹងត្រែង កើតជម្ងឺ (វៃរើសម៉ូហ្សីអ៊ិច)

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ដំណាំដំឡូងមីប្រមាណ៨០%នៅខេត្តស្ទឹងត្រែង បានកើតជម្ងឺ ហៅថាវៃរើសម៉ូហ្សីអ៊ិច ដែល ឆ្លង ពីពពួករុយ ស ហើយជម្ងឺនេះគ្មាន ថ្នាំកសិកម្មប្រភេទណាមួយព្យាបាលបានឡើយ កត្តានេះមន្ត្រីជំនាញ ផ្នែកនាយកដ្ឋានការពារអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំកសិករឱ្យដាំពូជ ខេយូ៥០ វិញ វាមានប្រសិទ្ធភាពធននិងជម្ងឺនេះបាន។


លោករឿន សម្បត្តិ មេឃុំក្បាលរមាស បានអោយដឹងថា៖ដំដាំឧស្សាហកម្មឆ្នាំនេះរងផលប៉ះពាល់ខ្លាំងដោយសារ អាកាសធាតុប្រែប្រួល បង្កឱ្យក្រៀមស្វិតងាប់ ខ្លះទៀតកើតជម្ងឺ និងមានសត្វល្អិតឬដង្កូវស៊ីបំផ្លាញ ក្រោយពេលមានភ្លៀងធ្លាក់មក ។លោកថា៖ដំណាំដែលរងផលប៉ះពាល់មានដូចជាស្វាយចន្ទី និងដំណាំដំឡួងមី ធ្វើអោយមិនទទួលបានផលល្អ និង នៅតាមតំបន់ខ្លះកើតជម្ងឺរួញស្លឹក មើមគ្មានម្សៅ បង្កឱ្យបាត់បង់ប្រាក់ចំណូលរបស់ប្រជាកសិករ។


សម្លេង៖គាត់ដាំអញ្ចឹងគាត់កំពុងចំណាយថវិកា ដល់មិនទាន់បានផល ពេញលេញផង ស្រាប់តែជួបប្រទះ ជម្ងឺអញ្ចឹងទៀត។ យើងឃើញថាព្រួយបារម្ភ និងការបាត់បង់ប្រាក់ចំណូលរបស់គ្រួសារ អញ្ចឹងខ្ញុំសូមអំពាវនាវដល់ក្រសួងកសិកម្មលោកមានសមត្ថភាពអាចជួយព្យាបាល និងផ្តល់បច្ចេកទេសថ្មីៗដល់ ប្រជាពលរដ្ឋយើងដើម្បីអនុវត្តឱ្យបានជោគជ័យ។
លោក អោម ពេជ្រ អនុប្រធាននាយកដ្ឋានការពារអនាម័យនិងភូតគាមអនាម័យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានពិនិត្យឃើញថា៖ដំណាំដំឡូងមីទាំងនេះកើតជម្ងឺ(វៃរើសម៉ូហ្សីអ៊ិច)គ្មានបច្ចេកទេសសង្គ្រោះឡើងវិញបានទេ។លោកថា៖កត្តាសំខាន់ដើម្បីបញ្ចៀសនូវជម្ងឺនេះ គឺ មុនពេលដាំកសិករត្រូវធ្វើដីឱ្យស្អាតនិងជ្រើសរើសយកពួជ(ខេយូ៥០)វាធននិងជម្ងឺនេះ។
សម្លេង៖យើងទើបទទួលបានពីភាគីថៃ ពង្រីកបន្ថែមពូជទាំងនេះ បច្ចុប្បន្នយើងមានពូជមូយចំនួនក្រៅពី(ខេយូ៥០) យើងក៍មានពូជដែលយើងដាំដុះ យើងជ្រើសរើសយ៉ាងណា ដើម្បីរកពូជនិងជ្រើសរើសយកដើម ពូជដំឡូងមីណា ដែលអត់មានជម្ងឺ(ម៉ូហ្សីអ៊ិច) ។យើងក៍បានណែនាំខេត្តមួយចំនួនដូចជាខេត្តរតនគីរីយើងធ្លាប់បានណែនាំប្រជាកសិករឱ្យជ្រើសរើសពូជសំរាប់ទុកដាំ ទី២យើងក៍បានណែនាំពីវិធានការកំចាត់សត្វរុយសភ្នាក់ងារចម្លង និងណែនាំអោយសំអាតស្មៅ ជាជម្រករបស់វាផងដែរ។
លោក តាំង ជីផេង មន្ត្រីជំនាញសហការជាមួយគម្រោងឆេនអះអាងថា៖កិច្ចការងារនេះមន្ទីរកសិកម្មបានប្រមូលកសិករមកបើកវគ្គបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ស្តីពីបច្ចេកទេសដាំដុះនិងថែទាំដំណាំ ហើយកសិក មួយចំនួនបានយកទៅអនុវត្តបានជោគជ័យ។លោកទទួយស្គាល់ថា៖ដំណាំដែលកើតជម្ងឺម៉ូហ្សីអ៊ិចនេះនិងត្រូវខាតបង់ថវិកា ដោយសារកសិករខ្លះចេះតែដាំ ផ្តេស ផ្ទាស មិនបានធ្វើដីឱ្យស្អាត និងម៉្យាងទៀតមិនបានជ្រើសរើសពូជយកមកដាំដុះទៅតាមការណែនាំ។
សូមបញ្ជាក់ថា៖ដំដូងមីឆ្នាំនេះកសិករដាំក្នុងរយៈពេលបីខែកើតជម្ងឺរួញស្លឹក ដែលខ្មែរយើងហៅថា(ជម្ងឺឆ្គួត)តែផ្នែកជំនាញកសិកម្មហៅថា(ជម្ងឺម៉ូហ្សីអ៊ិច)ឆ្លងពីរុយ ស ឬ បណ្តាលពីកត្តាពូជ គ្មានថ្នាំអ្វីយកមកព្យាបាលបានទេ ប្រៀបដូចមនុស្សយើងកើតជម្ងឺអេដស៍ដូចគ្នា៕