កិច្ចប្រជុំអន្តរក្រសួងពិនិត្យលើគម្រោងបង្កើតផ្សារទំនើប ណូរ៉ូម៉ល នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) លើគម្រោងបង្កើតផ្សារទំនើប ណូរ៉ូម៉ល នៅទីស្តីការក្រសួង កាលពីថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងបង្កើតផ្សារទំនើប ណូរ៉ូម៉ល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់ក្រុមហ៊ុន NORO MALL CO., LTD. (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា RTM GREEN CONSULTANCY CO., LTD.។

ប្រភពខាងលើបានបន្តថា ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម ៖ ១.អង្គប្រជុំគាំទ្រទៅលើគម្រោងវិនិយោគនេះ ព្រោះគម្រោងនេះចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋ និងផ្តល់នូវសោភណភាពទីក្រុង។ ២.ក្រុមហ៊ុនត្រូវពិនិត្យបច្ចេកទេស និងទំហំអាងប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់ឡើងវិញ ដើម្បីធានាថាគុណភាពសំណល់ទឹកកខ្វក់ ដែលបញ្ចេញចុងក្រោយចូលប្រព័ន្ធលូសាធារណ:ស្ថិតនៅក្រោមស្តង់ដាររបស់ក្រសួងបរិស្ថាន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកសំណល់ទឹកកខ្វក់ពីគម្រោងទាំងមូល ព្រមទាំងត្រូវញែកឱ្យដាច់ពីគ្នារវាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង។ ៣. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង (សំរាម និងសំណល់សំណង់) ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយត្រូវមានទីតាំងស្តុកសមស្រប ចៀសវាងទុកដាក់នៅតាមចិញ្ចើមផ្លូវ ឬទីសាធារណ: និងនៅដំណាក់កាលប្រតិបត្តិគម្រោង ក្រុមហ៊ុនត្រូវមានធុងសំរាមតាមជាន់នីមួយៗ ដោយត្រូវញែកសំរាមទៅតាមប្រភេទ។ ៤.ក្រុមហ៊ុនត្រូវគិតគូរអំពីការពង្រីកបន្ថែមនូវចំនួនចំណតរថយន្ត ដោយចៀសវាងការចតរថយន្តនៅចិញ្ចើមផ្លូវដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅមហាវិថីព្រះនរោត្តម ។ ៥. ក្រុមហ៊ុនត្រូវគោរពច្បាប់ការងារដោយមានការចុះបញ្ជី ប.ស.ស ។ ៦. ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសន្តិសុខសាធារណ: ។ ៧. ក្រុមហ៊ុនត្រូវចូលរួមនៅក្នុងសកម្មភាពអនាម័យបរិស្ថាន និងការដាំដើមឈើដើម្បីបង្កើនផ្ទៃបៃតង។ ៨.ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយក្រុមហ៊ុនម្ចាស់គម្រោងក្នុងការធ្វើបច្ចុប្បន្នភាពនៃគម្រោងទាំងមូល (ដូចជា ប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់ និងចំណតរថយន្ត) និងកែសម្រួលរបាយការណ៍ IESIA នេះឡើងវិញទៅតាមមតិអង្គប្រជុំដែលបានលើកឡើង។

កិច្ចប្រជុំខាងលើនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិ ស្ថាន តំណាងក្រុមហ៊ុន NORO MALL CO., LTD. (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា RTM GREEN CONSULTANCY CO., LTD. ផងដែរ ៕

ពេជ្រ ណារិទ្ធ