ក្រុមអ្នកបច្ចេកទេសចិនធ្វើការរុករកប្រេងនៅក្នុងប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា៖ ដោយលោក ភួង ឈុនលាង៖


នាយកដ្ឋានរ៉ែនិងភូមិសាស្ត្ររបស់ប្រទេសនេប៉ាល់បានឲ្យដឹងថាក្រុមអ្នកបច្ចេកទេសចិនបានទៅដល់ប្រទេសនេប៉ាល់ ដើម្បី កំណត់ចំណុចទីតាំងសម្រាប់ការងារខួងនិងកំណត់អត្តសញ្ញាណប្រភេទប្រេងនិងបរិមាណនៃប្រេងបម្រុងនៅក្នុងប្រទេសនេប៉ាល់។


ការកំណត់អត្តសញ្ញាណប្រភេទប្រេងនេះស្ថិតក្នុងចំណោមទីតាំងទាំង 10 ដែលក្រុមបច្ចេកទេសចម្រុះពីប្រទេសនេប៉ាល់និងប្រទេសចិនបានធ្វើការសិក្សាអំពីលទ្ធភាពផលិតប្រេងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរនៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំនេះនៅទីក្រុងប៉េកាំង។


លោក Somnath Sapkota (សំណាត សាបកូតា) អគ្គនាយកនៃនាយកដ្ឋានរ៉ែនិងភូមិសាស្ត្ររបស់ប្រទេសនេប៉ាល់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីថ្ងៃអង្គារថា “ក្រុមការងារចិននឹងធ្វើទស្សនកិច្ចនៅទីតាំងពីរកន្លែងនៅសប្តាហ៍ក្រោយគឺ តំបន់ Dailekh (ដៃលេក) និង Tansen (តានសេន) ភាគខាងលិចនៃខេត្ត Karnali (កាណាលី)និងខេត្ត ចំនួន៥ផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីធ្វើការសិក្សាផ្នែកបច្ចេកទេសជាផ្នែកមួយនៃការរុករក។លោកបានបន្តថាការស្វែងរកកន្លែងខួងគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរុករកប្រេងបម្រុងនៅក្នុងប្រទេសនេប៉ាល់ដោយការងារខួងនឹងត្រូវបានអនុវត្តនៅក្នុងដំណាក់កាលទី ពីរ ហើយប្រភេទ និងបរិមាណនៃ ផលិតផលប្រេងនឹងត្រូវបានកំណត់នៅក្នុងរបាយការណ៍ដែលត្រូវដាក់ជូននៅក្នុងដំណាក់កាលទីបី។តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរភារកិច្ចនឹងត្រូវបានបញ្ចប់ក្នុងរយៈពេល 3 ឆ្នាំ។
មន្រ្តីនេប៉ាល់បាននិយាយថាប្រសិនបើប្រទេសនេប៉ាល់អាចរុករកនិងកំណត់ផលិតផលប្រេងដែលអាចលក់ក្នុងទីផ្សារបាន នោះវានឹងជួយដល់កំណើនសេដ្ឋកិច្ចនេប៉ាល់ ហើយប្រទេសចិននឹងទទួលការចំណាយលើគម្រោងរុករករ៉ែទាំងមូល៕
ប្រភពៈទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ