ឯកឧត្តម ម៉ឹង សំផន ចូលរួមក្នុងកិច្ច​ប្រជុំ​សុខា​ភិបាល​យោធា​អាស៊ាន​លើកទី​៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ –នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសុខាភិបាល យោធាអាស៊ានលើកទី៩ ក្រោមប្រធានបទ «ស្តីពីផលប៉ះពាល់ និងប្រសិទ្ធភាពនៃការឆ្លើយតប ចំពោះគ្រោះមហន្តរាយក្នុងវេជ្ជសាស្ត្រយោធា»។ តាមប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំសុខាភិបាលយោធាអាស៊ាន លើកទី៩ ក្នុងគោលបំណងផ្លាស់ ប្ដូរបទពិសោធន៍គ្នា ទាក់ទងនឹងវេជ្ជសាស្ត្រ និងការជួយ សង្គ្រោះដល់ជនរងគ្រោះដែល កើត ចេញពីគ្រោះមហន្តរាយ។ កិច្ចប្រជុំសុខា​ភិបាល​យោធា​អាស៊ានលើកទី៩នេះ នឹងប្រព្រឹត្ត ទៅ រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំផ្នែកសុខាភិបាល របស់ក្រសួងការពារជាតិអាស៊ានទាំង១០ប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើក ឡើងថា វា​ជា​ការ​ចាំ​បាច់​បំផុតក្នុង​ការ​ពិគ្រោះ​យោបល់គ្នា ​ដើម្បី​លើកស្ទួយនៅវិស័យសុខា ភិបាលក្នុងជូរកងទ័ពនៅក្នុងតំបន់អាស៊ាននេះឱ្យវាកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការជួយ ដល់អ្នកជំងឺនោះ។

ឯកឧត្តម បានបន្ថែមទៀតថា ប្រទេសនីមួយៗនឹងមិនអាចជៀសផុតពីគ្រោះមហន្តរាយ ផ្សេងៗនោះឡើយ ប៉ុន្តែ យើងត្រូវតែមានជំនាញរៀងៗខ្លួន ក្នុងការជួយសង្គ្រោះដល់ពួកគេ ជា ពិសេស ផ្នែកសុខាភិបាលនេះតែម្តង ត្រូវតែឱ្យច្បាស់លាស់ និងមានប្រសិទ្ធភាពបំផុត ក្នុងការ ជួយសង្គ្រោះដល់ពួកគេ មិនថាពេលវេលាណានោះឡើយ ហើយជាងនេះទៅទៀត យើងត្រូវតែជួយគ្នាបន្ថែមទៀត ទាក់ទងនឹងបច្ចេកទេសនៃសុខាភិបាលនេះ។សេនីយ៍ទោ ព្រំ សុថារត្ន នាយករង នាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំផ្នែកសុខាភិបាល នៃក្រសួងការពារជាតិអាស៊ាននេះ គឺមានសារៈ សំខាន់បំផុត ក្នុងការពិគ្រោះគ្នាលើវិធានបទ ស្តីពីការជួយដល់ជនរងគ្រោះ ដែលកើតចេញពី យថាហេតុផ្សេងៗនោះ។

សូមបញ្ជាក់ថា កិច្ចប្រជុំសុខាភិបាលយោធាអាស៊ាន គឺនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដូច កិច្ចប្រជុំផ្សេងៗនៅក្នុងតំបន់អាស៊ាននេះផងដែរ ហើយសម្រាប់កិច្ចប្រជុំផ្នែកសុខាភិបាល យោធានេះ គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា និងគ្នាសម្រាប់ក្រុមគ្រួពេទ្យ វេជ្ជបណ្ឌិត វេជ្ជសាស្ត្រ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលាជួយដល់ ជនរងគ្រោះ៕

ដោយ សាយ សុន (រូបថត៖ ក្រសួងការពារជាតិ)