រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតាប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង

AKP ភ្នំពេញថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលនៃការសិក្សាបឋមស្តីពីការរៀបចំផែនការមេ ដើម្បីអភិ​វឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាម​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា(IDP) ឆ្នាំ២០១៥-២០២៥។

ក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា  រាជរដ្ឋាភិបាលតម្រូវឱ្យរួមបញ្ចូលនូវទិដ្ឋ​ភាពចក្ខុវិស័យវែងឆ្ងាយជាច្រើនក្នុងផែនការមេដោយឈរលើគោលការណ៍សំខាន់ៗ ដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត បរិក្ខារ សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility) បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើ​ឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស​ដែលមាន ជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ទំនើប និងនវានុវត្តន៍។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យបានបន្ដថា ទិដ្ឋភាពចក្ខុវិស័យ​វែងឆ្ងាយ មួយទៀតគឺធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ខ្សែក្រវាត់បៃតង កសិ កម្មនិងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាព ស្តង់ដារខ្ពស់។ ទន្ទឹមនេះ ដោយមានការចូលរួមសហការសម្របសម្រួល និងគាំទ្រពីអង្គការ​សហ​ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (United Nations Industrial Development Organization) ហៅកាត់ថា UNIDO, កិច្ចប្រជុំបានអញ្ជើញលោក ស៊ាវ ស៊ីម៉ា (Xiao SIMA) នាយកវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen ហៅកាត់ថា UPDIS) ប្រទេសចិនដឹកនាំក្រុមការងារធ្វើ​បទបង្ហាញស្តីពី​លទ្ធ​ផលនៃការសិក្សាបឋមពីគម្រោងផែនការមេនេះ។ ជាមួយគ្នានេះ វិទ្យាស្ថាន UPDIS បានចែក រំលែកពីបទពិសោធន៍នៃគម្រោងអភិវឌ្ឍន៍ទីក្រុងនាបណ្តាប្រទេសជាច្រើនដែលរៀបចំនិងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមាន ដំណើរការនៃការអភិវឌ្ឍន៍ទីក្រុងស៊ិនជិន ប្រទេស​ចិន ដែលបានប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល និងមាន​ហេដ្ឋា រចនាសម្ព័ន្ធ ទំនើបប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាប្រភេទ​ទីក្រុង​វ័យឆ្លាត(SMART CITY)។ ជាមួយគ្នានេះ ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមាន​ការគិតគូរយ៉ាងល្អិតល្អន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនា​សម្ព័ន្ធ, ការរៀបចំសំណង់អគារ, តំបន់លំនៅឋាន, ការកំណត់តំបន់ឧស្សាហកម្ម, តំបន់ការពារ​បរិស្ថាន។ល។ ដែលរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់​ប្រកប​​ដោយសោភណភាព និងផាសុខភាពគួរឱ្យចង់រស់នៅ៕

ដោយ គង់ សិរីរ័ត្ន