ឯកឧត្តម ជ័យ ចាប បាននាំយកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ឧបត្ថម្ភដល់ គ្រួសារសពកម្មករប្តីប្រពន្ធ ដែលស្លាប់ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុ

AKP ក្រចេះ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា  នារសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បាននាំយកព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាថវិកាចូល រួមបុណ្យសពប្តីប្រពន្ធដែលស្លាប់ ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុកាលពី ព្រឹកថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

នៅក្នុងដំណើរនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ផ្តល់ជូនដល់ គ្រួសារសពប្តីប្រពន្ធ ដែលសពប្តីឈ្មោះ ទេព ណី អាយុ៤៩ ឆ្នាំ និងសពប្រពន្ធឈ្មោះ ព្រុំ ដែន អាយុ ៤៦ឆ្នាំ ដែលមានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នាពេលនោះក៏មានការអញ្ជើញរួមដំណើរដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ ព្រមទាំងសហការីផងដែរ។ អំណោយរបស់ព្រះករុណា ព្រះមហាក្សត្រ ផ្តល់ជូនគ្រួសារ សពក្នុងពេលនោះគឺមានថវិកាចំនួន៨លានរៀល ព្រមទាំងភ្ជាប់នូវអំណោយរបស់ សមាគមនារីកម្ពុជាខេត្តក្រចេះចំនួន៦១ម៉ឺនរៀល អំណោយរបស់រដ្ឋបាលស្រុកសំបូរចំនួន ១លានរៀល និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំបូរចំនួន ២០ម៉ឺនរៀលផងដែរ។

មានប្រសាសន៍សំណេះសំណាល និងរម្លែកទុក្ខនៅចំពោះមុខឪពុកម្តាយ បងប្អូន សាច់ ញាតិគ្រួសារសពប្តីប្រពន្ធ និងអ្នកភូមិនាពេលនោះ ឯកឧត្តម ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះ បរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរម្លែកទុក្ខដោយក្តីក្រៀមក្រំក្រៃលែង ដែលគ្រួសារនេះបានបាត់បង់កូន បង ប្អូន ឪពុក ម្ដាយ និងសាច់ញាតិនៅក្នុងគ្រោះមហន្ត រាយនៃឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ បណ្ដាលឱ្យកម្មករកម្មការិនី ចំនួន២៨នាក់បានស្លាប់ និង២៦នាក់ទៀតរងរបួស៕

ដោយ ជួន សុជាតិ