ប្រទេសចិនបានផ្អាកការនាំចូលសាច់ជ្រូករបស់កាណាដាធ្វើឲ្យស្ថានការណ៍ កាន់តែតានតឹងកើនឡើង

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


ប្រទេសចិនបានផ្អាកការនាំចូលសាច់ជ្រូករបស់កាណាដា បន្ទាប់ពីអាជ្ញាធរចិនបានរកឃើញគ្រឿងបន្ថែមចំណីហាមឃាត់ នៅក្នុងផលិតផលសាច់ជ្រូក ដែលត្រូវបាននាំចេញពីប្រទេសកាណាដាទៅកាន់ប្រទេសចិន ខណៈការស៊ើបអង្កេតបានរកឃើញថាមានលិខិតបញ្ជាក់សុខភាពក្លែងបន្លំចំនួន១៨៨ ប្រភេទដែលត្រូវបានភ្ជាប់ទៅនឹងការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសចិន។


យោងតាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថាប្រទេសចិនបានអំពាវនាវឲ្យប្រទេសកាណាដាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពនៃស្បៀងអាហារ ដែលបានលក់ទៅឱ្យប្រទេសអាស៊ី។
ស្ថានទូតចិននៅទីក្រុងអូតាវ៉ា ប្រទេសកាណាដាបាននិយាយថាដើម្បីការពារសុវត្ថិភាពអតិថិជនចិន ប្រទេសចិនបានចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដោយស្នើសុំឱ្យរដ្ឋាភិបាលកាណាដាផ្អាកការចេញវិញ្ញាបនបត្រសម្រាប់ ការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសចិនចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនា។
ភាពតានតឹងផ្នែកនយោបាយរវាងប្រទេសចិន និងប្រទេសកាណាដាបានកើតមានឡើងក្នុងប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីប្រទេសកាណាដាបាន ចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou (ម៉េង វ៉ានចូវ)កាលពីខែធ្នូ ពីបទបំពានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ ហើយប្រឈមនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។ ពលរដ្ឋកាណាដាពីរនាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនដើម្បីសងសឹកចំពោះការចាប់ខ្លួននេះ៕ប្រភព៖ សារព័ត៌មាន BBC