កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អបរិស្ថានសាលារៀន ក្រោមគម្រោងជំនួយពីរដ្ឋាភិបាលចិន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២៦ ០៦ ២០១៩៖


រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ បន្ទាប់ពីបានទទួលថវិកាគាំទ្រពីរដ្ឋាភិបាលប្រទេសចិនក្នុងទំហំទឹកប្រាក់៤០លានដុល្លារអាមេរិក។


ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សាក្រោមគម្រោងជំនួយរបស់ប្រទេសចិនដើម្បីកែលម្អបរិស្ថានសាលារៀននិងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គម្រោងបែងចែកជា៣ដំណាក់កាល ដែលមានរយៈពេលអនុវត្តរហូតដល់២០២០ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
បើតាមរបាយការណ៍របស់ឯកឧត្តម ពុធ សាមិត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គម្រោងនេះ នឹងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់អគារសិក្សានៅតាមវិទ្យាល័យចំនួន២៦ និង១មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត នៅក្នុងរាជធានី ខេត្តចំនួន៣ មានដូចជាខេត្តកំពង់ចាមចំនួន១០វិទ្យាល័យ ខេត្តកណ្តាលចំនួន១០វិទ្យាល័យ និង១មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងរាជធានីភ្នំពេញចំនួន៦វិទ្យាល័យ។ ជាមួយគ្នានេះ ក៏មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី តបណ្តាញទឹកស្អាត កុំព្យូទ័រ ផ្តល់សៀវភៅអានដាក់ក្នុងបណ្ណាល័យ និងឧបករណ៍ពាក់ព័ន្ធ សម្ភារបរិក្ខារពិសោធន៍សម្រាប់មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងផែនដីវិទ្យា អគារអន្តេវាសិកដ្ឋាន ផ្ទះសំណាក់គ្រូបង្រៀន ជាដើម។ ឯកឧត្តមមានប្រសាសន៍ថា ដើម្បីសម្របសម្រួលដល់ដំណើរការរបស់គម្រោងនេះ ក្រសួងនឹងសុំការគាំទ្រ និងជំរុញសំណើថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងការសម្អាតការដ្ឋាន ដើម្បីឲ្យគម្រោងចាប់ផ្តើមអនុវត្តបានទាន់ពេលវេលា។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង ក្រុមការងារ ជាពិសេសក្រុមការងារបច្ចេកទេសរបស់ភាគីចិន ដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើឲ្យគម្រោងនេះ ដំណើរការបាន និងរៀបចំពិធីបើកការដ្ឋានជានិមិត្តរូបនាថ្ងៃនេះ។ ឯកឧត្តម មានប្រសាសន៍ថា បន្ទាប់ពីកែម្អរួចរាល់ នឹងផ្តល់កន្លែងសម្រាប់ស្នាក់នៅដល់សិស្ស កន្លែងលេងកីឡាដ៏មានផាសុខភាព។ ជាមួយគ្នានេះ គម្រោងនេះ ក៏មានការផ្លាស់ប្តូរកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំរវាងកម្ពុជា និងចិន កាន់តែល្អប្រសើរថែមទៀត៕