អភិបាលរាជធានីភ្នំពេញព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអភិបាលខណ្ឌណាដែល បណ្តោយឱ្យនៅតែមានសំណង់ខុសច្បាប់លើទឹកដីខ្លួន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានដោយត្រង់ៗដល់អភិបាល​ទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញថា ពួកគេអាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ បើកាលណា​នៅ តែបណ្តែតបណ្តោយឱ្យមានសកម្មភាពសាងសង់សំណង់ឥតច្បាប់អនុញ្ញាត នៅលើទឹកដីខ្លួន តទៅទៀត។ ការព្រមានរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុ​បាក់រលំអគារអត់ច្បាប់មួយកន្លែងនៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យពលរដ្ឋកម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់។

បើតាមលិខិតផ្ញើជូនអភិបាលខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ អភិបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ក្នុងករណីដែលសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អភិបាល​ខណ្ឌ ត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុសត្រូវចំពោះមុខច្បាប់។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុស លិខិតអនុញ្ញាតសាងសង់នេះផងដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ផងដែរ។ ឯកឧត្តមអភិបាលបានបន្ដទៀតថា ទោះបីជាមានការណែនាំ ជា​ច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាត សាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់​នៅតែ​កើតមានឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ប្រឈមមុខនឹងបញ្ហា​ចំពោះ​មុខបែបនេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤​ក្នុងភូមិសាស្រ្ត​រាជ​ធានីភ្នំពេញ ត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់​ខុសលិខិតអនុញ្ញាតសាងសង់ ឱ្យខានតែបាន និងឱ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹងការ គោរព​លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាធានាបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ បាន​ព្រមាន​ថា នឹងដកមុខតំណែងចំពោះមន្រ្តីទាំងឡាយណាដែលមិនព្រមទប់ស្កាត់ចំពោះ​សំណង់ខុស​ច្បាប់​ក្នុងដែនសមត្ថកិច្ចខ្លួន ខណៈដែលខ្លួនមានសិទ្ធិ និងតួនាទីភារកិច្ចក្នុងការធ្វើកិច្ចការនេះ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ធ្វើកិច្ចការខាងលើនេះឱ្យមានប្រសិទ្ធភាពដើម្បីធានាថារាល់សំណង់ដែលសាងសង់ និងកំពុងសាងសង់ត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ និងមានបច្ចេកទេសច្បាស់លាស់ ចៀស​វាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដូចករណីនៅខេត្តព្រះសីហនុនេះ៕

ដោយ ចាន់ សុធីវង្ស