រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្កត់ធ្ងន់នូវវិធានការ៤ចំណុចដល់មន្រ្តីពាក់ព័ន្ធ ប្រសិនបើចង់ទប់ ស្កាត់បទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩  — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់​នូវវិធានការ៤ចំណុចដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ប្រសិនបើចង់ឱ្យការងារបង្រ្កាបបទល្មើស គ្រឿងញៀនអនុវត្តន៍មានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ។

ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល កោះពេជ្រ សម្តេចក្រឡាហោម ស ខេង វិធានការទាំង៤ចំណុចនោះរួមមាន កុំពាក់ព័ន្ធ កុំនៅ ពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីមានបទល្មើសគ្រឿង ញៀន​កើតឡើង។ សម្តេចក្រឡាហោមមានជំនឿថា ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធអនុវត្តន៍​នូវវិធាន​ការទាំង៤ចំណុចនេះបានត្រឹមត្រូវនោះ ប្រាកដណាស់បទល្មើសគ្រឿងញៀននឹងត្រូវបានកាត់ បន្ថយ​បានច្រើន។ សម្តេចក្រឡាហោមជាការកត់សម្គាល់បទល្មើសគ្រឿងញៀន គឺជាបទ​ល្មើសដ៏ស្មុគ្រស្មាញមួយដែលទាមទារឱ្យមន្រ្តីអ្នកអនុវត្តន៍ច្បាប់យើងចូលរួមឱ្យសកម្មភាព និង មានប្រសិទ្ធភាពខ្ពស់។ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើប្រកាសថា​រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿង គឺត្រូវរួមគ្នាធ្វើទាំងអស់គ្នា ហើយប្រសិនថាបើមិនធ្វើគឺកុំធ្វើ​ទាំងអស់គ្នា។ សម្ដេចក្រឡាហោមគូសបញ្ជាក់បន្ថែមថា “កុំមួយថាធ្វើ ហើយមួយថាមិនធ្វើ ប្រាកដណាស់ការងារបង្រ្កាបគ្រឿងញៀននេះ គឺមិនអាចអនុវត្តន៍បានជោគជ័យនោះទេ”។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានផ្ញើសារផងដែរដល់ស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យ និងជាស្ថាប័នអ្នកអនុវត្តន៍ ត្រូវធ្វើយ៉ាងណាប្រកាន់ភាព​យុត្តិ​ធម៌​ពិតប្រាកដ និងមិនលម្អៀងប្រកបដោយវិជ្ជាជីវៈលើបទល្មើសគ្រឿងញៀន។ ដោយឡែក​សមត្ថកិច្ចដែលជាអ្នកចុះបង្រ្កាបក៏ដូចគ្នាដែរ គឺធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវ ចៀស​​វាង​ការរង​ប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋ ករណីដែលមិនបំពេញតួនាទីភារកិច្ចត្រឹមត្រូវ ក្នុងពេលចុះអនុវត្តន៍ការងារបង្រ្កាបគ្រឿងញៀននោះ៕

ដោយ ចាន់ សុធីវង្ស