ឯកឧត្ដម ជា សុផារ៉ា លើកឡើងថា រាល់សំណង់ដែលសង់គ្មានច្បាប់អាជ្ញាធរត្រូវដាក់ពាក្យ បណ្តឹង ទៅព្រះរាជអាជ្ញា

វិទ្យុជាតិកម្ពុជា៖

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដី បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីមុននឹងអនុញ្ញាតអោយសាងសង់សំណង់ ត្រូវពិនិត្យលិខិតបើកការដ្ឋាន បញ្ចប់ការដ្ឋាន ពិសេសសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មេត្តាអនុវត្តតាមក្រមសំណង់ និងបទដ្ឋានបច្ចេកទេស ។


ក្នុងកិច្ចប្រជុំជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការ សាងសង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ជា សុផារ៉ា បានលើកឡើងថា រាល់សំណង់ដែលសង់គ្មានច្បាប់ ចាប់ពីពេលនេះទៅ គឺអាជ្ញាធរជាដើមបណ្តឹង ត្រូវដាក់ពាក្យបណ្តឹង ទៅព្រះរាជអាជ្ញា ។ ឯកឧត្ដមបានលើកឡើងទៀតថា យើង បង្កើតគណៈកម្មការ ដើម្បីចុះត្រួតពិនិត្យរាល់សំណង់ ហើយគោលដៅនៃការត្រួតពិនិត្យសំណង់ គឺ បងប្អូនត្រូវរៀបចំត្រៀមឯកសារបង្ហាញថា ការ design គ្រឿងបង្គំរបស់សំណង់ មានបទដ្ឋានបច្ចេកទេសយ៉ាងណា ដោយឲ្យវិស្វករ ត្រៀមឯកសារមកបង្ហាញដល់គណៈកម្មកា ដើម្បីងាយស្រួលក្នុងការសហការ ចូលរួមកែលម្អ សំណង់តាមស្តង់ដារបច្ចេកទេសឡើងវិញ ។


ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការរបស់យើងចុះទៅដល់ក្នុងជំហានដំបូង ក្នុងមួយសប្តាហ៍ មិនរំខានពេលវេលានោះទេ។ដូច្នេះ សូមបងប្អូនទាំងអស់ មេត្តាត្រៀមឯកសារ កុំមានទម្លាប់ថា គណៈកម្មការចុះទៅ ហុចស្រោមសំបុត្រ សូមឱ្យបងប្អូនធ្វើតាមជំនាញ ព្រោះយើងមាន៨ គណៈ កម្មការដែលចុះត្រួតពិនិត្យលើការងារសំណង់នេះ ។ ម្យ៉ាងទៀតក្នុងពេលបំពេញបេសកកម្ម សូមបងប្អូនយល់ថា ការចុះទៅនេះ គឺអនុវត្តតាមជំនាញ និងវិជ្ជាជីវៈប្រកបទៅដោយក្រមសីលធម៌ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគនៅក្នុងខេត្តព្រះ សីហនុកាន់ច្រើននិងកាន់តែល្អថែមទៀត ។


ឯកឧត្ដម ជា សុផារ៉ា សង្ឃឹម ជឿជាក់ទៅលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រី ថ្នាក់ជាតិ ទាំងអស់ ចូលរួមគាំទ្រនៅក្នុងដំណើរការនេះឱ្យបានល្អប្រសើរ ៕