ក្រសួងសុខាភិបាលពង្រីកសមត្ថភាពឆ្លើយតបជំងឺគ្រុនឈាមនៅតាមមូលដ្ឋានឲ្យទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

ក្រសួងសុខាភិបាលពង្រីកសមត្ថភាពក្រុមការងារជំនាញនិងសម្ភារៈបច្ចេកទេសដើម្បី ឆ្លើយតបជំងឺគ្រុនឈាមនៅតាមមូលដ្ឋានដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការព្យាបាលជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងខ្លំាង ។
លោកវេជ្ជបណ្ឌិត លៀង រិទ្ធា ប្រធានកម្មវិធីជាតិ ប្រយុទ្ធនិងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរខេត្តទាំងអស់ អោយត្រៀមតាំងពីបច្ចេកទេសសម្ភារៈក្រុមគ្រូពេទ្យថ្នាំអាល់ប៉ែត និងថ្នាំបាញ់សម្លាប់មូស សំរាប់ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាន អោយទាន់ពេលវេលា ។
លោកវេជ្ជបណ្ឌិតបន្តថា ក្រសួងសុខាភិបាល បានធ្វើការតាមដានទៅលើភូមិឃុំណាដែលមានការកើនឡើងជំងឺគ្រុនឈាមខ្លាំង ដើម្បីអោយមន្ត្រីជំនាញចុះទៅធ្វើការទប់ស្កាត់ ពិសេសក្រសួងបានធ្វើការបណ្ដុះបណ្ដាលដល់គ្រូពេទ្យព្យាបាលទូទាំងប្រទេស ចំនួន៣០០នាក់ ដើម្បីទៅបណ្ដុះបណ្ដាលបន្តនៅតាមមូលដ្ឋានទាំង២៥រាជធានីខេត្តផងដែរ ។
សំលេង ៖យើងបានបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាសរុបទៅជាង ៣០០ នាក់ហើយ ៣០០នាក់នេះ យើងឲ្យពួកគាត់ទៅបណ្ដុះបណ្ដាលបន្ត នៅតាមមូលដ្ឋានរបស់គាត់ទៀត អញ្ជឹងមកដល់ពេលនេះ នៅតាមខេត្តនីមួយៗទូទាំង ២៥ រាជធានីខេត្ត បានយកអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ ដែលបានបណ្ដុះបណ្ដាលរួច ទៅបណ្ដុះបណ្ដាលបន្ត ពេលនេះនៅខេត្តនីមួយៗមានគ្រូពេទ្យ មិនក្រោមជាង ១០០ នាក់ទេ យើងនឹងបង្ហាត់បង្ហាញបន្តរហូតដាច់ឆ្នាំ ទាំងគ្រូពេទ្យនៅសេវារដ្ឋ និងគ្រូពេទ្យនៅសេវាឯកជន ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងដែលថា នៅក្នុងឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលខេត្ត បានធ្វើការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងបន្ថែមពីកិច្ចការពារខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់នូវជំងឺគ្រុនឈាមកុំអោយរីករាលដាល ដោយសំអាតនៅទីធ្លាជុំវិញផ្ទះ និងទឹកដក់នៅសំបកកង់ ត្រឡោកដូង និងគេងនៅក្នុងមុង ការពារឆ្លងជំងឺគ្រុនឈាម ។ លោកប្រធានបន្តថា មន្ទីរក៏បានចុះដាក់អាល់ប៉ែត ដែលក្រសួងសុខាភិបាលផ្ដល់អោយដាក់នៅតាមពាងទឹក អាងទឹក ដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារកើតមុសខ្លាចម្លងជម្ងឺគ្រូឈាម។៖យើងបានអោយមន្រ្តីទាំងអស់ ចុះទៅតាមមូលដ្ឋានធ្វើការអប់រំ ដល់សហគមន៍មូលដ្ឋាន អប់រំសុខភាព យើងប្រើស្ពតចាក់ជាមេក្រូ ដើម្បីពញ្ញាក់អារម្មណ៍គាត់អោយចេះការពារខ្លួន ក្នុងនោះដែរយើងកំពុងធ្វើការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យអោយយល់ច្បាស់ពីការព្យាបាលជំងឺគ្រុនឈាម នៅក្នុងពេទ្យរដ្ឋ និងពេទ្យឯកជន ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០១៩រហូតមកដល់ពេលនេះ មានករណីជំងឺគ្រុនឈាម កើតឡើងរហូតដល់ជាង១ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់ ចំនួន២១នាក់ ដែលភាគច្រើនសុទ្ធតែជាកុមារ ៕