អាជ្ញាធររាជធានីភ្នំពេញ មានវិធានការបង្ក្រាបគ្រឿងញៀនតាមក្លិបកម្សាន្ត ក្នុងរាជធានីភ្នំពេញឱ្យអស់នៅក្នុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការបង្ក្រាបឱ្យអស់នូវគ្រឿងញៀននៅតាមក្លិបកម្សាន្ត ខារ៉ាអូខេ ទាំងតូច ទាំងធំនៅក្នុងរាជធានីភ្នំពេញឱ្យអស់ នៅក្នុងឆ្នាំ២០១៩នេះ ខណៈគ្រឿងញៀននៅតែជាបញ្ហាប្រឈម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្រទាប់យុវវ័យ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា កិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ គឺជាការងាររបស់សមត្ថកិច្ច និងអាជ្ញាធររបស់យើង ដូច្នេះយើងត្រូវតែរួមគ្នាធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព ។ ពាក់ព័ន្ធនឹងក្លិបកម្សាន្តនានាទោះបីតូច ឬធំនៅក្នុងរាជធានីភ្នំពេញទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែចុះត្រួតពិនិត្យ ហើយបើដឹងថានៅក្នុងក្លិបកម្សាន្តមានបង្កប់ទៅដោយគ្រឿងញៀន ដាច់ខាតត្រូវតែធ្វើការបង្ក្រាបបិទអាជីវកម្មក្លិបទាំងនោះតែម្ដង។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រាល់ក្លិបកម្សាន្ត និង KTV ទាំងអស់ អាជ្ញាធរខណ្ឌត្រូវណែនាំពួកគាត់ ឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀននៅក្នុងក្លិបកម្សាន្តទាំងនោះ បើពួកគាត់មិនស្ដាប់តាមការណែនាំរបស់យើងទេ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែបិទការធ្វើអាជីវកម្មក្លិបរបស់ពួកគាត់តែម្ដង។

ឯកឧត្ដមបានមានប្រសាសន៍បន្ដថា ប្រទេសកម្ពុជា គឺជាប្រទេសមួយមានភាពស៊ីវីល័យ ដូច្នេះទេត្រូវតែមានអ្វីៗគ្រប់យ៉ាង មានទាំងក្លិបកម្សាន្ត មានទាំងខារ៉ាអូខេ មានទាំងកន្លែងហូបចុកផឹកស៊ី និងកន្លែងសប្បាយភាពមួយចំនួនទៀត។ ប៉ុន្តែអ្វីដែលសំខាន់ទីមួយនោះគឺ បញ្ហាសន្តិសុខ ហើយអ្នកដែលការពារ និងរក្សាបាននូវសន្តិសុខនេះ គឺមានតែកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងនឹងហើយ ។ ដូច្នេះយើងត្រូវតែរួមគ្នាការពារឱ្យបានសន្តិសុខ ធ្វើយ៉ាងណាឱ្យភូមិ ឃុំមានសុវត្ថិភាព ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការចុះបង្ក្រាបគ្រឿងញៀននៅតែអនុវត្តន៍បន្តនៅតាមក្លិបកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីនៅតាមក្លិបកម្សាន្តទាំងនោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ។ យើងនឹងអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា នៅឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលយើងត្រូវលុបបំបាត់ឱ្យអស់បញ្ហាគ្រឿងញៀននៅតាមបណ្ដា  ក្លិបកម្សាន្ត ខារ៉ាអូខេនានានៅទូទាំងប្រទេស។

ឯកឧត្ដមឧត្ដមសេនីយ៍ បានបន្ដថា នៅតាមក្លិបកម្សាន្តទាំងនោះភាគច្រើនលើសលុប គឺសុទ្ធតែជាស្រទាប់យុវជន យុវវ័យ នាំគ្នាពពាក់ពពូនទៅសេបគ្រឿងញៀននៅក្នុងក្លិបដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស។

ឯកឧត្ដមឧត្ដមសេនីយ៍ ស ថេត បានបន្តទៀតថា ក្នុងនាមសមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យអស់បទល្មើសនានានៅតាមមូលដ្ឋាន រួមទាំងបទល្មើសក្មេងទំនើងអុកឡុកនៅតាមមូលដ្ឋានជាដើម សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកងកម្លាំងមានសមត្ថកិច្ចរបស់យើង ៕

ដោយសួស សំរិត